navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា ជាប្រាក់រៀល
ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា ជាប្រាក់រៀល
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦
រាជធានីភ្នំពេញ នៅថ្ងៃពុធ ១១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា ជាប្រាក់រៀល"។ ម្ចាស់ប័ណ្ណទាំងអស់ អាចរីករាយនឹងការទូទាត់ក្នុងការទិញទំនិញ-សេវាកម្មផ្សេងៗ និងការទូទាត់ប្រាក់ ជាប្រាក់រៀល បានកាន់តែងាយស្រួល ជាមួយនឹងពាណិជ្ជករជាច្រើននៅទូទាំងពិភពលោក។
ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត អេស៊ីលីដា ជាប្រាក់រៀល ជាប័ណ្ណឥណពន្ធដំបូងរបស់ធនាគារសម្រាប់ ដែលផ្តល់ភាពងាយស្រួល សុវត្ថិភាព ទំនើប និងងាយស្រួលក្នុងការទូទាត់ និងដកប្រាក់នៅតាមរយៈម៉ាស៊ីន អេធីអឹម និងម៉ាស៊ីនឆូតកាត នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោក រួមមាន៖
- ដកប្រាក់ តាមរយៈម៉ាស៊ីនអេធីអឹម ទាំងក្នុង និងក្រៅប្រទេស
- ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈម៉ាស៊ីនឆូតកាត ទាំងក្នុងស្រុក និងក្រៅប្រទេស
- ទូទាត់តាមអនឡាញ សម្រាប់ការទិញឥវ៉ាន់ ការធ្វើដំណើរ ការទទួលទានអាហារ ការដឹកជញ្ជូន និងការកម្សាន្តនានា
- ព្រមទាំងអាចធ្វើប្រតិបត្តិការប្រចាំថ្ងៃបានជាអតិបរមា
ការដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត អេស៊ីលីដា ជាប្រាក់រៀលថ្មីនេះ គឺជាផ្នែកមួយនៃការផ្តល់ជូនប្រភេទប័ណ្ណជាច្រើន រួមមានប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធម៉ាស្ទ័រកាតធម្មតា ប័ណ្ណឥណទាន និងឥណពន្ធឡេឌីម៉ាស្ទ័រកាត ប័ណ្ណឥណទាន និងឥណពន្ធម៉ាស្ទ័រកាតមាស និងប័ណ្ណឥណទាន និងឥណពន្ធម៉ាស្ទ័រកាតវើល។
លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា «ធនាគារ អេស៊ីលីដា ពិតជាមានក្តីសោមនស្សរីករាយ ដែលបានសហការជាមួយ ក្រុមហ៊ុនម៉ាស័្ទរកាត ក្នុងការបើកដំណើរការប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដាជាប្រាក់រៀល។ នេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងគាំទ្ររូបិយវត្ថុជាតិកាន់តែទូលំទូលាយ។ ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា សម្រាប់ការទូទាត់ជាប្រាក់រៀល ជាប្រភេទប័ណ្ណ ឥណពន្ធ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន និងសាធារណជន ក្នុងការទូទាត់តាមអនឡាញ និងតាមបណ្តាហាងលក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋាននានាជុំវិញពិភពលោក។ ប័ណ្ណនេះ ក៏អាចប្រើប្រាស់សម្រាប់ការទូទាត់តាមម៉ាស៊ីនឆូតកាត និងការដកសាច់ប្រាក់តាមបណ្តាម៉ាស៊ីនអេធីអឹមរបស់ធនាគាររផ្សេងទាំងក្នុង និងក្រៅស្រុកដែលមានស្លាកសញ្ញាម៉ាស្ទ័រកាត»។
លោកស្រីបានបន្ថែមទៀតថា លើសពីការទូទាត់ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល អតិថិជនដែលជាម្ចាស់ប័ណ្ណទាំងអស់ នឹងពេញចិត្តដោយក្តីរីករាយជាមួយការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ជាច្រើន នៃការទូទាត់តាមរយៈ ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដាជាប្រាក់រៀល។ ការប្រើប្រាស់ប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដានេះ ក៏ជួយបង្កើនការចូលរួមរបស់អតិថិជន និងសាធារណជនក្នុងប្រព័ន្ធហិរញ្ញវត្ថុ ជាមួយនឹងសេដ្ឋកិច្ចឌីជីថល និងការទូទាត់តាមអនឡាញ។
លោក ហ្សារ៉ាដ ជេន (Sharad Jain) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ នៃក្រុមហ៊ុនម៉ាស្ទ័រកាត បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនម៉ាស្ទ័រកាត ពិតជាមានមោទនភាពក្រៃលែង ដែលបានសហការជាមួយ ធនាគារ អេស៊ីលីដា ក្នុងការបើកដំណើរការប័ណ្ណឥណពន្ធ អេស៊ីលីដា ម៉ាស្ទ័រកាតជាប្រាក់រៀល ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ប្រាក់រៀលនៅកម្ពុជា។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ម៉ាស័្ទរកាត និងធនាគារ អេស៊ីលីដា ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដោយផ្តល់ជូនអតិថិជនយើងនូវជម្រើសដ៏ល្អក្នុងការទូទាត់ប្រកបដោយសុវត្ថិភាព ភាពរលូន និងអាចប្រើប្រាស់បានជាមួយរូបិយប័ណ្ណក្នុងស្រុក និងការគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សេដ្ឋកិច្ចឌីជីថលបានកាន់តែច្រើន»។
ជាមួយនឹងប័ណ្ណថ្មីនេះ ម្ចាស់ប័ណ្ណអាចធ្វើការទូទាត់ជាប្រាក់រៀលបានយ៉ាងរីករាយ និងកាន់តែងាយស្រួល ជាមួយនឹងមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជា Mastercard SecureCode ដែលផ្តល់ការការពារបន្ថែមក្នុងអំឡុងពេលប្រតិបត្តិការតាមអនឡាញ។ ប័ណ្ណនេះ ក៏បង្កើនបទពិសោធន៍ដល់អ្នកប្រើប្រាស់ ជាមួយនឹង អត្ថប្រយោជន៍សំខាន់ៗ៖
- ភាពងាយស្រួល៖ ប្រើប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា របស់អ្នកនៅតាមបណ្តាហាងទំនិញ ភោជនីយដ្ឋាន និង ប្រព័ន្ធអនឡាញដែលទទួលយកប្រាក់រៀល ដើម្បីធានាថាដំណើរការទូទាត់របស់លោកអ្នកមានភាពរលូន និងសុវត្ថិភាព។
- ការផ្តល់ជូនពិសេស៖ ទទួលបានអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេស និងការបញ្ចុះតម្លៃដែលមានសម្រាប់អ្នកប្រើប្រាស់ប័ណ្ណឥណពន្ធម៉ាស្ទ័រកាត តែប៉ុណ្ណោះ ដែលធ្វើឱ្យការទិញទំនិញរបស់លោកអ្នកទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។
- ប្រតិបត្តិការសុវត្ថិភាព៖ រីករាយនឹងការទូទាត់ប្រកបដោយសុវត្ថិភាព និងទទួលបានការការពារជាមួយលក្ខណៈសុវត្ថិភាពកម្រិតខ្ពស់ រួមមាន Mastercard SecureCode ដែលការពារប្រតិបត្តិការតាមអនឡាញរបស់លោកអ្នក។
- ការទទួលយកនៅទូទាំងពិភពលោក៖ ខណៈពេលដែលលោកអ្នកអាចទូទាត់ជាប្រាក់រៀល ប័ណ្ណ ឥណពន្ធម៉ាស្ទ័រកាត របស់លោកអ្នកក៏ត្រូវបានទទួលយកនៅគ្រប់ទីកន្លែងពាសពេញពិភពលោកផងដែរ អនុញ្ញាតឱ្យលោកអ្នកអាចទិញទំនិញនៅក្រៅប្រទេសប្រកបដោយភាពងាយស្រួល។
- ងាយស្រួលដកប្រាក់៖ ដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹម នៅទូទាំងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក ដើម្បីធានាថាលោកអ្នកអាចដកប្រាក់របស់លោកអ្នកនៅពេលមានតម្រូវការប្រើប្រាស់។
សូមទទួលយកភាពងាយស្រួលនៃការទូទាត់ជាមួយប័ណ្ណឥណពន្ធម៉ាស្ទ័រកាត ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា ប្រកបដោយចីរភាព។
អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងមួយនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៩៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,២៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៨ លាននាក់។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧២លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួន ៥,៥លាននាក់។
លោក ផល សុខចំរើន
មុខងារ៖ នាយកប្រតិបតិ្ដទីផ្សារ ធនាគារ អេស៊ីលីដា
ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល៖ phal.sokchamroeun@acledabank.com.kh


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY







