លក្ខខណ្ឌប្រតិបត្តិការសេវាផ្ទេរប្រាក់ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
សូមអានលក្ខខណ្ឌនេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនេះបានបង្កើតឡើងសម្រាប់ប្រើជាកិច្ចព្រមព្រៀងក្នុងប្រតិបត្តិការផ្ទេរប្រាក់ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី។
ការទទួលខុសត្រូវរបស់អតិថិជន
- លោក-លោកស្រីត្រូវប្រាកដថា រាល់ព័ត៌មានដែលបានបំពេញលើពាក្យសុំផ្ទេរប្រាក់ ពិតជាត្រឹមត្រូវ និងគ្រប់គ្រាន់។
- ករណីមានការកែប្រែព័ត៌មាន ពន្យារពេលទូទាត់ ឬបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ លោក-លោកស្រីត្រូវជូនដំណឹងមកធនាគារជាលាយលក្ខណ៍អក្សរ។
- លោក-លោកស្រីត្រូវពិនិត្យកម្រៃសេវាដែលបង្ហាញនៅក្នុងខិតប័ណ្ណផ្សព្វផ្សាយមុននឹងសម្រេចធ្វើប្រតិបត្តិការនីមួយៗ។
- លោក-លោកស្រីត្រូវទទួលខុសត្រូវទាំងស្រុងចំពោះច្បាប់ជាតិ និងអន្តរជាតិលើប្រតិបត្តិការផ្ទេរប្រាក់នេះក្នុងនាមខ្លួនឯងផ្ទាល់ និងសាច់ញាតិ ឬប្រតិបត្តិការទូទាត់ក្រោមកិច្ចសន្យា។
ប្រតិបត្តិការផ្ទេរប្រាក់
- ប្រតិបត្តិការសេវាផ្ទេរប្រាក់នឹងត្រូវធ្វើឡើងក្រោយពេលធនាគារទទួលបានពាក្យសុំផ្ទេរប្រាក់ពីលោក-លោកស្រី។
- ធនាគារនឹងធ្វើប្រតិបត្តិការទូទាត់ទៅតាមព័ត៌មានដែលបានបញ្ជាក់នៅក្នុងពាក្យស្នើសុំប៉ុណ្ណោះ ដូច្នេះធនាគារនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ និងការចំណាយផ្សេងៗដែលបណ្ដាលមកពីការផ្ដល់ព័ត៌មានមិនត្រឹមត្រូវគ្រប់គ្រាន់ និងច្បាស់លាស់នោះឡើយ។
- ចំពោះការបញ្ឈប់ប្រតិបត្តិការ ធនាគារនឹងប្រគល់ប្រាក់ជូនលោក-លោកស្រីវិញ ក្រោយពេលទទួលបានប្រាក់ពីធនាគារអន្តរការី ក្នុងនោះធនាគារអន្តរការីអាចគិតកម្រៃសេវាផ្សេងៗ។
- ចំពោះប្រតិបត្តិការផ្ទេរប្រាក់ទៅអ្នកទទួលគ្មានគណនី៖
- ប្រតិបត្តិការផ្ទេរប្រាក់ទៅអ្នកទទួលគ្មានគណនី ទឹកប្រាក់ផ្ទេរអាចស្ថិតនៅក្នុងគណនីព្យួររបស់ធនាគារ រយៈពេល ៣៦០ ថ្ងៃតែប៉ុណ្ណោះ។ ដោយគិតចាប់ពីថ្ងៃផ្ទេរប្រាក់ អ្នកផ្ទេរត្រូវទំនាក់ទំនងអ្នកទទួលដើម្បីឲ្យមកដកប្រាក់ទាន់ពេលតាមការកំណត់។
- ក្រោយពីទទួលការផ្ទេរប្រាក់ចូលរយៈពេល ៣៦០ថ្ងៃ ដោយពុំមានអ្នកទទួលមកដកប្រាក់ (អ្នកទទួលគ្មានគណនី) ទឹកប្រាក់នោះត្រូវបានផ្ទេរទៅជាចំណូលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្ដាល ដោយអនុលោមតាមសេចក្ដីសម្រេចលេខ៖ ធអក ១២៥១/០៩ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩ ស្ដីពីសិទ្ធិអនុម័តលើការចំណាយ សម្រាប់ការថែរក្សាអតិថិជន និងសាធារណជន។
- ករណីអ្នកផ្ទេរ ឬអ្នកទទួលត្រលប់មកដកប្រាក់ចាប់ពីថ្ងៃទី៣៦១ តទៅត្រូវភ្ជាប់មកនូវឯកសារពាក់ព័ន្ធនៃការផ្ទេរប្រាក់ (សម្រាប់ អ្នកផ្ទេរ) ឬសំណួរ-ចម្លើយ ឬលិខិតសម្គាល់អត្តសញ្ញាណ (សម្រាប់អ្នកទទួល) ធនាគារនឹងផ្ដល់ទឹកប្រាក់នោះជូនអ្នកផ្ទេរ ឬអ្នកទទួលវិញ បន្ទាប់ពីទទួលបានការអនុម័តតាមលំនាំដូចខាងលើ។
ប្រភេទរូបិយវត្ថុ ឬរូបិយប័ណ្ណ
- ប្រភេទរូបិយវត្ថុ ឬរូបិយប័ណ្ណនៃសេវាផ្ទេរប្រាក់ទៅគណនី រួមមាន ប្រាក់រៀល ប្រាក់ដុល្លារ ប្រាក់បាត ប្រាក់អឺរ៉ូ ប្រាក់ដុល្លារ អូស្ត្រាលី ប្រាក់ដុងវៀតណាម ប្រាក់ដុល្លារកាណាដា ប្រាក់យ៉េនជប៉ុន ប្រាក់ផោនជាដើម ហើយការផ្ទេរប្រាក់រវាងគណនី ដែលមានប្រភេទរូបិយប័ណ្ណផ្សេងគ្នា ត្រូវឆ្លងកាត់សេវាប្ដូរប្រាក់ដោយអនុលោមតាមអត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅពេលទូទាត់ចូលគណនី។
- ចំពោះប្រភេទរូបិយវត្ថុ ឬរូបិយប័ណ្ណនៃសេវាផ្ទេរប្រាក់ទៅអ្នកទទួលគ្មានគណនីគឺ ប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។ ការផ្ទេរជារូបិយប័ណ្ណប្រភេទផ្សេងទៀត លោក-លោកស្រីត្រូវតែធ្វើការប្តូរប្រាក់នោះទៅជារូបិយប័ណ្ណណាមួយខាងដើម ហើយក្នុងនោះការផ្ទេរជាប្រាក់បាត អ្នកទទួលអាចដកសាច់ប្រាក់តាមវិធីណាមួយ ឬវិធីទាំងពីរដូចខាងក្រោម៖
- ដកសាច់ប្រាក់រៀល ឬដុល្លារ ដែលប្តូរពីប្រាក់បាត តាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារ អេស៊ីលីដា នៅពេលធ្វើប្រតិបត្តិការដកប្រាក់នោះ ក្នុងករណីសាខាគ្មាន ឬមានសាច់ប្រាក់បាតមិនគ្រប់គ្រាន់ និង/ឬ
- ដកសាច់ប្រាក់បាតតាមការស្នើសុំរបស់អ្នកទទួល ប៉ុន្តែអ្នកទទួលត្រូវបង់កម្រៃជើងសារនៃអត្រាប្តូរប្រាក់លើចំនួនទឹកប្រាក់ ប្តូរនោះ (តាមកម្រិតដែលអេស៊ីលីដាបានចំណាយជាក់ស្តែង) ហើយរង់ចាំទទួលប្រាក់បាតទៅតាមពេលវេលាកំណត់។
កម្រៃសេវាផ្ទេរប្រាក់
- កម្រៃសេវាត្រូវបានកំណត់ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។ លោក-លោកស្រីអាចបង់កម្រៃសេវាជាសាច់ប្រាក់សុទ្ធ ឬកាត់ពីគណនី។ លោក-លោកស្រីយល់ព្រមឲ្យធនាគារកាត់កងទឹកប្រាក់ពីគណនីរបស់ខ្លួន ដើម្បីទូទាត់កម្រៃសេវា និងការចំណាយផ្សេងៗដែលពាក់ព័ន្ធ។
- តាមឆន្ទានុសិទ្ធិរបស់ខ្លួន ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសិទ្ធិកែប្រែ ឬផ្លាស់ប្ដូរកម្រៃសេវាដោយពុំចាំបាច់ជូនដំណឹងជាមុនឡើយ។
ការរក្សាការសម្ងាត់
រាល់ព័ត៌មានផ្ទេរប្រាក់ ត្រូវបានរក្សាការសម្ងាត់ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។ លើកលែងតែករណីដូចជា៖
- ធនាគារមានតម្រូវការព័ត៌មានសម្រាប់រៀបចំរបាយការណ៍ ឬសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ឬច្បាប់តម្រូវ។
- ករណីមានដីកាពីតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងគោលបំណងស៊ើបអង្កេត ឬដំណើរការផ្លូវច្បាប់ទាក់ទងនឹងបទល្មើសដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល។
ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម
លោក-លោកស្រីយល់ព្រមឲ្យធនាគារពន្យារពេលទូទាត់ បង្ខាំង ឬបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ ប្រសិនបើធនាគារ ឬធនាគារអន្តរការីរកឃើញថា៖
- មានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ទៅនឹងសកម្មភាពមិនស្របច្បាប់។
- បំពានលើច្បាប់ជាតិ ឬអន្តរជាតិ។
សំណងការខាតបង់
- លោក-លោកស្រីយល់ព្រមដោយគ្មានលក្ខខណ្ឌ ក្នុងការទូទាត់សំណងជូនធនាគារនូវរាល់ការខាតបង់ ការប្ដឹងផ្ដល់ ការទាមទារសំណង និងចំណាយផ្លូវច្បាប់ផ្សេងៗដែលបណ្ដាលមកពីការធ្វើប្រតិបត្តិការផ្ទេរប្រាក់នេះ។
- លោក-លោកស្រី យល់ព្រមឲ្យធនាគារកាត់ទឹកប្រាក់ដែលមានក្នុងគណនីរបស់ខ្លួនសម្រាប់ទូទាត់សំណងដែលបានរៀបរាប់ លើនេះទៅតាមស្ថានភាពជាក់ស្ដែង។
ផ្សេងៗ
- លក្ខខណ្ឌនេះអាចនឹងធ្វើការកែប្រែជាបន្តបន្ទាប់ ដើម្បីឲ្យសមស្របជាមួយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- លក្ខខណ្ឌនេះត្រូវបានរៀបចំឡើងជាភាសាខ្មែរ និងអង់គ្លេស ករណីមានចំណុចណាមួយរវាងអត្ថបទទាំងពីរ មានន័យមិនស្រប ឬមិនស៊ីគ្នានោះ អត្ថបទជាភាសាខ្មែរចាត់ទុកជាបានការ។
- ភាគីដែលពាក់ព័ន្ធពិតជាបានអាន និងយល់គ្រប់ចំណុចទាំងអស់ដែលមានចែងនៅក្នុងលក្ខខណ្ឌនេះ។

