លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណ និងប័ណ្ណនិម្មិតអេស៊ីលីដា
១ លក្ខខណ្ឌរួម
លក្ខខណ្ឌនៃការប្រើប្រាស់ប័ណ្ណ និងប័ណ្ណនិម្មិតអេស៊ីលីដា ឬហៅថា "លក្ខខណ្ឌប្រើប្រាស់ប័ណ្ណ" គឺជាកិច្ចសន្យា ឬកិច្ចព្រមព្រៀង រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងអតិថិជន ក្នុងការប្រើប្រាស់ប័ណ្ណអេស៊ីលីដា រួមទាំងប័ណ្ណនិម្មិតផងដែរ។ លក្ខខណ្ឌនេះ បង្កើតឡើងសម្រាប់ប្រើអមជាមួយ "ប័ណ្ណផ្សព្វផ្សាយ" និង "តារាងថ្លៃសេវាប័ណ្ណអេស៊ីលីដា"។
នៅពេលលោក-លោកស្រី យល់ព្រមលើការប្រើប្រាស់ប័ណ្ណអេស៊ីលីដា បញ្ជាក់ថាលោក-លោកស្រីត្រូវបានពន្យល់ និងណែនាំ ឬអានដោយខ្លួនឯង បានយល់ច្បាស់ និងព្រមព្រៀងនូវគ្រប់លក្ខខណ្ឌទាំងអស់ដែលបានចែងនេះ ហើយយល់ព្រមទទួលខុសត្រូវទាំងស្រុងលើប្រតិបត្តិការធនាគារ តាមរយៈការប្រើប្រាស់ប័ណ្ណរបស់លោក-លោកស្រី និងព្រមព្រៀងនូវលក្ខខណ្ឌផ្សេងទៀត ដូចជា ថ្លៃសេវា ការកំណត់ប្រតិបត្តិការ នៃការប្រើប្រាស់ប័ណ្ណ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវបានចូលជាធរមាន។
ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការកែបែ្រលក្ខខណ្ឌ និងថ្លៃសេវាប័ណ្ណ នៅពេលណាមួយ ដោយអនុលោមតាមច្បាប់ជាធរមាន និង/ឬស្ថានភាពជាក់ស្តែង។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើការជូនដំណឹងនូវរាល់ការកែប្រែទាំងឡាយណាដែលប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចរបស់លោក-លោកស្រី (តាមមធ្យោបាយសមស្របណាមួយ ឬតាមលទ្ធភាពដែលធនាគារអាចធ្វើទៅបាន)។
នៅក្នុងលក្ខខណ្ឌនេះ ពាក្យថា "លោក-លោកស្រី" "របស់លោក-លោកស្រី" សំដៅដល់អតិថិជន ម្ចាស់ប័ណ្ណ ឬអ្នកប្រើប្រាស់ប័ណ្ណគ្រប់ប្រភេទ។
ពាក្យថា "យើង" "របស់យើង" និង "ធនាគារ" សំដៅដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
២ ប័ណ្ណអេស៊ីលីដា ប្រភេទប្លាស្ទិក
២.១ ប្រភេទប័ណ្ណ និងការប្រើប្រាស់ប័ណ្ណ ឬកាតប្លាស្ទិក
២.១.១ ប័ណ្ណឥណពន្ធអេស៊ីលីដា រួមមាន៖
- ប័ណ្ណឥណពន្ធអេស៊ីលីដាធម្មតា និងប័ណ្ណឥណពន្ធអេស៊ីលីដាមាស៖
- អាចធ្វើប្រតិបត្តិការដកប្រាក់, ដាក់ប្រាក់, ផ្ទេរប្រាក់, បញ្ចូលលុយទូរសព្ទ, ទូទាត់សំណងប័ណ្ណឥណទានអេស៊ីលីដា តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា (ATM/CRM), ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមម៉ាស៊ីនឆូតកាតអេស៊ីលីដា ឬប្រព័ន្ធអ៊ីខុមមើសអេស៊ីលីដា (ACLEDA POS/E-Commerce), ដកប្រាក់នៅបញ្ជរធនាគារ តាមម៉ាស៊ីនឆូតកាតអេស៊ីលីដា,
- ស្នើសុំបោះពុម្ពប័ណ្ណ, បង្ខាំងប័ណ្ណ, ដោះបង្ខាំងប័ណ្ណ, កែប្រែទំហំទឹកប្រាក់ដកប្រចាំថ្ងៃ, កែប្រែទំហំទឹកប្រាក់ទូទាត់ប្រចាំថ្ងៃ, កែប្រែចំនួនប្រតិបត្តិការប្រចាំថ្ងៃ, បិទប័ណ្ណ (មោឃភាពប័ណ្ណ), មើលប្រវត្តិប្រតិបត្តិការសង្ខេបរបស់ប័ណ្ណ, មើលប្រវត្តិប្រតិបត្តិការគណនីសង្ខេបរបស់ប័ណ្ណ និងសារជូនដំណឹងប្រតិបត្តិការ តាមអេស៊ីស៊ូភើអេប។
- អាយប៊ែង (i-bank PayBand): អាចធ្វើប្រតិបត្តិការដកប្រាក់, ដាក់ប្រាក់, ផ្ទេរប្រាក់, បញ្ចូលលុយទូរសព្ទ, ទូទាត់សំណងប័ណ្ណឥណទានអេស៊ីលីដា តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា (ATM/CRM) ដែលមានបំពាក់ប្រព័ន្ធ Contactless និងទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាតអេស៊ីលីដា (ACLEDA POS) ដែលមានបំពាក់ប្រព័ន្ធ Contactless។
- ប័ណ្ណឥណពន្ធទូទាត់រួមស្លាកសញ្ញា រួមមាន៖
- ប័ណ្ណឥណពន្ធទូទាត់រួមអត្តសញ្ញាណ (ID Co-brand Debit Card): អាចធ្វើប្រតិបត្តិការដូច ប័ណ្ណឥណពន្ធអេស៊ីលីដា CSS ធម្មតា។
- ប័ណ្ណឥណពន្ធទូទាត់រួមអត្តសញ្ញាណ (ID Co-brand International Debit Card): អាចធ្វើប្រតិបត្តិការដូចប័ណ្ណឥណពន្ធទូទាត់អន្តរជាតិ ប្រភេទ វីសា, ម៉ាស្ទ័រកាត, យូភីអាយ, ចេស៊ីប៊ី។
- ប័ណ្ណឥណពន្ធអេស៊ីលីដា CSS Co-badge: មានជម្រើសក្នុងការធ្វើប្រតិបត្តិការ ដូចខាងក្រោម៖
- ធ្វើប្រតិបត្តិការតាមប្រព័ន្ធ CSS នៅលើម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត ដែលមានស្លាកសញ្ញា CSS។
- ធ្វើប្រតិបត្តិការតាមបណ្តាញប័ណ្ណទូទាត់អន្តរជាតិ អាស្រ័យទៅតាមប្រភេទប័ណ្ណ រួមមាន វីសា, ម៉ាស្ទ័រកាត, យូភីអាយ, ចេស៊ីប៊ី។
- ប័ណ្ណឥណពន្ធទូទាត់អន្តរជាតិ រួមមាន ប័ណ្ណឥណពន្ធវីសាអេស៊ីលីដា, ប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា, ប័ណ្ណឥណពន្ធចេស៊ីប៊ីអេស៊ីលីដា និងប័ណ្ណឥណពន្ធយូភីអាយអេស៊ីលីដា ហើយអាចធ្វើប្រតិបត្តិការដូចខាងក្រោម៖
- ដកប្រាក់, ដាក់ប្រាក់, ផ្ទេរប្រាក់, បញ្ចូលលុយទូរសព្ទ, ទូទាត់សំណងប័ណ្ណឥណទានអេស៊ីលីដា តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា (ATM/CRM),
- ដកប្រាក់តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា ឡាវ ឬម៉ាស៊ីនអេធីអឹម ធនាគារផ្សេង (ទាំងក្នុង និងក្រៅប្រទេស),
- ដកប្រាក់នៅបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី និងបញ្ជរធនាគារផ្សេង (ទាំងក្នុង និងក្រៅប្រទេស) តាមម៉ាស៊ីនឆូតកាត (POS),
- ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមម៉ាស៊ីនឆូតកាត ឬប្រព័ន្ធអ៊ីខុមមើស (POS/E-Commerce) របស់ធនាគារពាណិជ្ជទាំងអស់ នៅទូទាំងពិភពលោកដែលមានស្លាកសញ្ញា វីសា ម៉ាស្ទ័រកាត ចេស៊ីប៊ី និងយូភីអាយ,
- ស្កេនទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមអេស៊ីស៊ូភើអេប នៅលើ QR Code ដែលមានស្លាកសញ្ញាវីសា (VISA) ឬម៉ាស្ទ័រកាត (MasterCard) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារផ្សេង (ក្នុងប្រទេស),
- ផ្ទេរប្រាក់ចេញពីប័ណ្ណឥណពន្ធម៉ាស្ទ័រកាតអេស៊ីលីដា ទៅប័ណ្ណឥណពន្ធ-ឥណទានម៉ាស្ទ័រកាតរបស់ធនាគារផ្សេង (ទាំងក្នុង និងក្រៅប្រទេស) តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា ឬអេស៊ីស៊ូភើអេប។
- ផ្ទេរប្រាក់ចេញពីប័ណ្ណឥណពន្ធវីសាអេស៊ីលីដា ទៅប័ណ្ណឥណពន្ធ-ឥណទានវីសារបស់ធនាគារផ្សេង (ក្នុងប្រទេស) តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា និងទៅប័ណ្ណឥណពន្ធ-ឥណទានវីសារបស់ធនាគារផ្សេង (ទាំងក្នុង និងក្រៅប្រទេស) តាមអេស៊ីស៊ូភើអេប។
- ផ្ទេរប្រាក់រវាងគណនី T24 ផ្ទាល់ខ្លួន ឬម្ចាស់ផ្សេងគ្នា តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា (ATM/CRM)
- ទទួលប្រាក់ផ្ទេរចូលពីអតិថិជនផ្សេង (ទាំងក្នុង និងក្រៅប្រទេស) និង
- ស្នើសុំបោះពុម្ពប័ណ្ណ, បង្ខាំងប័ណ្ណ, ដោះបង្ខាំងប័ណ្ណ, កែប្រែទំហំទឹកប្រាក់ដកប្រចាំថ្ងៃ, កែប្រែទំហំទឹកប្រាក់ទូទាត់ប្រចាំថ្ងៃ, កែប្រែចំនួនប្រតិបត្តិការប្រចាំថ្ងៃ, បិទប័ណ្ណ (មោឃភាពប័ណ្ណ), មើលប្រវត្តិប្រតិបត្តិការសង្ខេបរបស់ប័ណ្ណ, មើលប្រវត្តិប្រតិបត្តិការគណនីសង្ខេបរបស់ប័ណ្ណ និងសារជូនដំណឹងប្រតិបត្តិការ តាមអេស៊ីស៊ូភើអេប។
២.១.២ ប័ណ្ណឥណទានអេស៊ីលីដា រួមមាន ប័ណ្ណឥណទានវីសាអេស៊ីលីដា និងប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា អាចធ្វើប្រតិបត្តិការដូចខាងក្រោម៖
- ដកប្រាក់, បញ្ចូលលុយទូរសព្ទ, ទូទាត់សំណងប័ណ្ណឥណទានអេស៊ីលីដា តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា (ATM/CRM),
- ដកប្រាក់ តាមម៉ាស៊ីនអេធីអឹមធនាគារផ្សេង (ទាំងក្នុង និងក្រៅប្រទេស), ដកប្រាក់នៅបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី និងបញ្ជរធនាគារផ្សេង (ទាំងក្នុង និងក្រៅប្រទេស) តាមម៉ាស៊ីនឆូតកាត (POS),
- ទូទាត់សំណងប័ណ្ណឥណទានអេស៊ីលីដា និងបញ្ចូលលុយទូរសព្ទ តាមអេស៊ីស៊ូភើអេប,
- ទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមម៉ាស៊ីនឆូតកាត ឬប្រព័ន្ធអ៊ីខុមមើស (POS/E-Commerce) របស់ធនាគារពាណិជ្ជទាំងអស់នៅទូទាំងពិភពលោក ដែលមានស្លាកសញ្ញាវីសា និងម៉ាស្ទ័រកាត,
- ស្កេនទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមអេស៊ីស៊ូភើអេប នៅលើអេស៊ីលីដា KHQR ឬ QR Code ដែលមានស្លាកសញ្ញាវីសា (VISA) ឬម៉ាស្ទ័រកាត (MasterCard) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារផ្សេង (ក្នុងប្រទេស),
- ផ្ទេរប្រាក់ចេញពីប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា ទៅប័ណ្ណឥណពន្ធ-ឥណទានម៉ាស្ទ័រកាតរបស់ធនាគារផ្សេង (ទាំងក្នុង និងក្រៅប្រទេស) តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា ឬអេស៊ីស៊ូភើអេប។
- ផ្ទេរប្រាក់ចេញពីប័ណ្ណឥណទានវីសាអេស៊ីលីដា ទៅប័ណ្ណឥណពន្ធ-ឥណទានវីសារបស់ធនាគារផ្សេង (ក្នុងប្រទេស) តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា និងទៅប័ណ្ណឥណពន្ធ-ឥណទានវីសារបស់ធនាគារផ្សេង (ទាំងក្នុង និងក្រៅប្រទេស) តាមអេស៊ីស៊ូភើអេប។
- ផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន ឬម្ចាស់ផ្សេងគ្នា ឬផ្ទេរប្រាក់ ឬទទួលប្រាក់ផ្ទេរតាម My KHQR ដោយកាត់ទឹកប្រាក់ចេញពីប័ណ្ណឥណទានអេស៊ីលីដា តាមអេស៊ីស៊ូភើអេប
- ទទួលប្រាក់ផ្ទេរចូលពីអតិថិជនផ្សេង (ទាំងក្នុង និងក្រៅប្រទេស) និង
- បង្ខាំងប័ណ្ណ, ដោះបង្ខាំងប័ណ្ណ, កែប្រែទំហំទឹកប្រាក់ដកប្រចាំថ្ងៃ, កែប្រែទំហំទឹកប្រាក់ទូទាត់ប្រចាំថ្ងៃ, កែប្រែចំនួនប្រតិបត្តិការប្រចាំថ្ងៃ, មើលប្រវត្តិប្រតិបត្តិការសង្ខេបរបស់ប័ណ្ណ, មើលប្រវត្តិប្រតិបត្តិការគណនីសង្ខេបរបស់ប័ណ្ណ និងសារជូនដំណឹងប្រតិបត្តិការ តាមអេស៊ីស៊ូភើអេប។
២.១.៣ ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន៖ អាចធ្វើប្រតិបត្តិការដូច "ប័ណ្ណឥណពន្ធអេស៊ីលីដាធម្មតា និងប័ណ្ណឥណពន្ធអេស៊ីលីដាមាស" ដែលមានចែងក្នុងចំណុច ២.១.១ ខាងលើ។
២.២ លក្ខខណ្ឌសម្រាប់អតិថិជនដើម្បីទទួលបានប័ណ្ណ ឬកាតប្លាស្ទិក
២.២.១ ប័ណ្ណឥណពន្ធអេស៊ីលីដា
ប័ណ្ណឥណពន្ធអេស៊ីលីដាដែលផ្តល់ជូនអតិថិជនមានប័ណ្ណដើម និងប័ណ្ណបន្សំ។ លោក-លោកស្រី ជាម្ចាស់ប័ណ្ណដើម អាចស្នើសុំប័ណ្ណបន្សំទៅសម្ព័ន្ធញាតិ ដែលជាអនីតិជនមានអាយុក្រោម ១៥ឆ្នាំ តាមតម្រូវការប្រើប្រាស់ជាក់ស្តែង។
- ដើម្បីទទួលបានប័ណ្ណដើម លោក-លោកស្រី ជាជនជាតិខ្មែរ ឬបរទេសដែលជានីតិជនមានអាយុចាប់ពី ១៥ឆ្នាំ ត្រូវអនុវត្តដូចខាងក្រោម៖
- ត្រូវមានគណនីប្រភពនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអាចជាគណនីបញ្ញើសំចៃ ឬគណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ។
- ត្រូវគោរពតាមគោលការណ៍ និងលក្ខខណ្ឌកំណត់ផ្សេងៗ របស់ធនាគារ ជាធរមាន។
- ត្រូវស្នើសុំប័ណ្ណឥណពន្ធនៅតាមការិយាល័យ ឬតាមអេស៊ីស៊ូភើអេប។
- ដើម្បីទទួលបានប័ណ្ណបន្សំ លោក-លោកស្រី (ជានីតិជន) ត្រូវផ្តល់មកធនាគារ និងបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖
- ឯកសារដែលបញ្ជាក់ពីចំណងសម្ព័ន្ធញាតិរវាងម្ចាស់ប័ណ្ណដើម និងម្ចាស់ប័ណ្ណបន្សំ។
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សំបុត្រកំណើត ឬឯកសារសម្គាល់អត្តសញ្ញាណផ្សេងៗទៀតដែលមានសុពលភាព។
- បំពេញទម្រង់ប្រើប្រាស់សេវាអេស៊ីលីដាឌីជីថល និងឯកសារសុពលភាពផ្សេងៗ តម្រូវដោយធនាគារ។
- ចំពោះប័ណ្ណឥណពន្ធទូទាត់រួមអត្តសញ្ញាណ លោក-លោកស្រីអាចស្នើសុំតាមរយៈក្រុមហ៊ុន/ស្ថាប័ន ក្រសួង មន្ទីរ អង្គភាពសាមី ដោយមានឯកសារគាំទ្រ និងព័ត៌មានបន្ថែមផ្សេងទៀតតាមការកំណត់របស់អង្គភាពសាមី។
២.២.២ ប័ណ្ណឥណទានអេស៊ីលីដា
ប័ណ្ណឥណទានអេស៊ីលីដាដែលផ្តល់ជូនអតិថិជនមានប័ណ្ណដើម និងប័ណ្ណបន្សំ។ ចំពោះប័ណ្ណបន្សំត្រូវបានផ្តល់ជូនទៅតាមការស្នើសុំរបស់ម្ចាស់ប័ណ្ណដើម ទៅតាមតម្រូវការប្រើប្រាស់ជាក់ស្តែង ដោយអនុលោមតាមលក្ខខណ្ឌកំណត់របស់ធនាគារ។ ប័ណ្ណឥណទានអេស៊ីលីដា ត្រូវបានផ្តល់ជូនអតិថិជន ដូចខាងក្រោម៖
- ឯកត្តជនៈ
- លោក-លោកស្រី ជានីតិជនមានអាយុចាប់ពី ១៨ឆ្នាំ ហើយចំពោះប័ណ្ណបន្សំមានអាយុចាប់ពី ១៥ឆ្នាំ។
- ត្រូវមានឯកសារអត្តសញ្ញាណដែលនៅមានសុពលភាព ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ត្រូវមានគណនីធនាគារ ដើម្បីទូទាត់ប្រាក់សំណង និងត្រួតពិនិត្យប្រតិបត្តិការនៅក្នុងគណនី។
- គោរព និងអនុលោមតាមលក្ខខណ្ឌឥណទាន និងទទួលបានការអនុម័តិផ្តល់ឥណទានរួចរាល់ពីធនាគារ។
- ក្រុមហ៊ុនៈ
- ត្រូវធ្វើការចាត់តាំង ឬផ្តល់សិទ្ធិ ជាលាយលក្ខណ៍អក្សរដល់អ្នកតំណាងជានីតិជន អាយុចាប់ពី ១៨ឆ្នាំ ដើម្បីឱ្យប្រើប្រាស់ប័ណ្ណឥណទាន។
- ត្រូវមានឯកសារសម្គាល់អត្តសញ្ញាណដែលនៅមានសុពលភាពរបស់អ្នកមានសិទ្ធិ និងអ្នកតំណាង របស់ក្រុមហ៊ុន/ស្ថាប័ន។
- ត្រូវផ្តល់ឯកសារក្រុមហ៊ុន/ស្ថាប័ន ដូចជា៖ លក្ខន្តិកៈ អនុស្សរណៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម លិខិតអនុញ្ញាតឱ្យដំណើរការក្រុមហ៊ុន/ស្ថាប័ន និងឯកសារផ្សេងទៀតដែលមានសុពលភាព។
- ត្រូវមានគណនីធនាគារ ដើម្បីទូទាត់ប្រាក់សំណង និងត្រួតពិនិត្យប្រតិបត្តិការនៅក្នុងគណនី។
- គោរព និងអនុលោមតាមលក្ខខណ្ឌឥណទាន និងទទួលបានការអនុម័តិផ្តល់ឥណទានរួចរាល់ពីធនាគារ។
២.២.៣ ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន
ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួនត្រូវបានផ្តល់ជូនអតិថិជន ដូចខាងក្រោម៖
- ជានីតិជនដែលមានអាយុចាប់ពី ១៨ឆ្នាំ។
- ត្រូវមានឯកសារអត្តសញ្ញាណដែលនៅមានសុពលភាព ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ត្រូវមានគណនីធនាគារ ដើម្បីទូទាត់ប្រាក់សំណង និងត្រួតពិនិត្យប្រតិបត្តិការនៅក្នុងគណនី។
- គោរព និងអនុលោមតាមលក្ខខណ្ឌឥណទាន និងទទួលបានការអនុម័តិផ្តល់កម្រិតបន្ទាត់ឥណទានវិបារូបន៍រួចរាល់ពីធនាគារ។
៣ ប័ណ្ណនិម្មិតអេស៊ីលីដា
៣.១ ប័ណ្ណនិម្មិតអេស៊ីលីដា សំដៅដល់ព័ត៌មានប័ណ្ណឌីជីថល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានបង្កើតតាមអេស៊ីស៊ូភើអេប សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមប្រព័ន្ធអនឡាញ (Online Shopping) ប្រកបដោយសុវត្ថិភាព។
៣.២ ប្រភេទប័ណ្ណនិម្មិតអេស៊ីលីដា មានដូចជា៖
- ប័ណ្ណនិម្មិតអេស៊ីលីដាវីសា
- ប័ណ្ណនិម្មិតអេស៊ីលីដាម៉ាស្ទ័រកាត
- ប័ណ្ណនិម្មិតអេស៊ីលីដាចេស៊ីប៊ី
- ប័ណ្ណនិម្មិតអេស៊ីលីដាយូភីអាយ
៣.៣ ប័ណ្ណនិម្មិតអេស៊ីលីដា អាចបង្កើតជារូបិយប័ណ្ណដុល្លារអាមេរិក ឬប្រាក់រៀល តាមគណនីឯកត្តជន និងគណនីរួម ដែលបានភ្ជាប់ជាមួយអេស៊ី ស៊ូភើអេប, និងមាន ឬមិនមានប្រើប្រាស់ប័ណ្ណឥណពន្ធអេស៊ីលីដា។
៣.៤ ប័ណ្ណនិម្មិតអេស៊ីលីដា ប្រភេទវីសា, ម៉ាស្ទ័រកាត និងយូភីអាយ មានរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក។ ចំពោះប័ណ្ណនិម្មិតអេស៊ីលីដាចេស៊ីប៊ី មានរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។ ក្នុងករណីអតិថិជនទូទាត់ជារូបិយប័ណ្ណផ្សេង ប្រព័ន្ធនឹងធ្វើការប្ដូរប្រាក់ទៅតាមអត្រាប្ដូរប្រាក់ផ្លូវការរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ (VISA, MasterCard, JCB, UPI) នៅពេលទូទាត់នោះ។
៣.៥ ប័ណ្ណនិម្មិតអេស៊ីលីដានីមួយៗ មានសុពលភាពរយៈពេល ០៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃបង្កើត។ សម្រាប់ប័ណ្ណផុតសុពលភាព ព័ត៌មានរបស់ប័ណ្ណនឹងត្រូវបង្ខាំងមិនឱ្យប្រើប្រាស់បាន ហើយត្រូវដកចេញពីអេស៊ីស៊ូភើអេប។ ក្នុងករណីលោក-លោកស្រីមានបំណងប្រើប្រាស់ប័ណ្ណបន្ត ត្រូវបង្កើតប័ណ្ណថ្មីមួយផ្សេងទៀត។
៣.៦ នៅពេលបញ្ចូលព័ត៌មានត្រឹមត្រូវក្នុងពេលបង្កើតប័ណ្ណនិម្មិត ប្រព័ន្ធនឹងបង្កើតលេខប័ណ្ណចំនួន ១៦ខ្ទង់ (Card Number) ថ្ងៃខែឆ្នាំផុតកំណត់ (Expiry Date) លេខកូដបីខ្ទង់ (CVC/CVV) និងចំនួនទឹកប្រាក់កំណត់ប្រចាំថ្ងៃ (Amount)។
៣.៧ ប័ណ្ណនិម្មិតនេះ អាចប្រើប្រាស់ក្នុងការទិញ និងទូទាត់ថ្លៃទំនិញ-សេវាកម្ម ក្នុងប្រព័ន្ធ Internet/Online Shopping តាមសេវា E-Commerce ទាំងក្នុងប្រទេស និងក្រៅប្រទេស ពាសពេញពិភពលោក។ ចំពោះការធ្វើប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម (ATM/CRM) និងម៉ាស៊ីនឆូតកាត (POS) មិនត្រូវបានអនុញ្ញាតឡើយ។
៣.៨ លោក-លោកស្រីត្រូវតែបម្រុងសមតុល្យគណនីឱ្យបានគ្រប់គ្រាន់ ឬលើស រាល់ពេលបង្កើតប័ណ្ណ និងពេលទូទាត់ថ្លៃទំនិញ-សេវាកម្ម។ ប័ណ្ណនិម្មិតអេស៊ីលីដាដែលបានបង្កើត គឺមិនទាន់បានកាត់សមតុល្យចេញពីគណនីដើមភ្លាមនោះទេ។ សមតុល្យទឹកប្រាក់ក្នុងប័ណ្ណនិម្មិតអេស៊ីលីដា នឹងត្រូវកាត់ចេញពីគណនីបញ្ញើសន្សំ ក្នុងករណីលោក-លោកស្រីយកប័ណ្ណនិម្មិតអេស៊ីលីដា ទៅធ្វើប្រតិបត្តិការបញ្ជាទិញទំនិញ-សេវាកម្ម តាមប្រព័ន្ធអ៊ីនធឺណិត។
៣.៩ លោក-លោកស្រី អាចធ្វើការកែប្រែទំហំទឹកប្រាក់ទូទាត់ប្រចាំថ្ងៃ នៃប័ណ្ណនិម្មិតដែលបានបង្កើតរួច មកទំហំទឹកប្រាក់កំណត់ថ្មី ឬកំណត់ចំនួនប្រតិបត្តិការទូទាត់ប្រចាំថ្ងៃ សម្រាប់ធ្វើការទូទាត់បានតាមតម្រូវការ និងត្រួតពិនិត្យមើលប្រវត្តិប្រតិបត្តិការសង្ខេបរបស់ប័ណ្ណ តាមអេស៊ីស៊ូភើអេប។
៣.១០ លោក-លោកស្រីអាចធ្វើការបង្ខាំង ឬដោះបង្ខាំងប័ណ្ណនិម្មិតអេស៊ីលីដា តាមអេស៊ីស៊ូភើអេប ឬទំនាក់ទំនងមកការិយាល័យទំនាក់ទំនងអតិថិជន ឬនៅតាមការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត។
៣.១១ លោក-លោកស្រី អាចបិទ ឬមោឃភាពប័ណ្ណនិម្មិតអេស៊ីលីដាណាមួយដែលមិនមានតម្រូវការប្រើប្រាស់ តាមអេស៊ីស៊ូភើអេប ឬមកកាន់ការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត។
៤ ការទទួលខុសត្រូវរបស់អតិថិជន
៤.១ លោក-លោកស្រី ជាម្ចាស់ប័ណ្ណ ត្រូវទទួលខុសត្រូវរាល់ប្រតិបត្តិការដែលកើតឡើងពីការប្រើប្រាស់ប័ណ្ណ (ព័ត៌មានប័ណ្ណ) ជាពិសេសប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិត ឬអនឡាញ ទោះជាមានការអនុញ្ញាត ឬគ្មានការអនុញ្ញាតពីម្ចាស់ប័ណ្ណក៏ដោយ។
៤.២ លោក-លោកស្រី ជាម្ចាស់ប័ណ្ណដើម ត្រូវទទួលខុសត្រូវទាំងស្រុងនូវរាល់ការចំណាយ និងថ្លៃសេវាផ្សេងៗ រួមទាំងការមិនគោរពតាមលក្ខខណ្ឌផ្សេងៗ លើការប្រើប្រាស់ប័ណ្ណរបស់ម្ចាស់ប័ណ្ណបន្សំផងដែរ។ ដោយប័ណ្ណដើម និងប័ណ្ណបន្សំ មានការកំណត់ទំហំប្រតិបត្តិការប្រចាំថ្ងៃដូចគ្នា ដូច្នេះម្ចាស់ប័ណ្ណដើមត្រូវទទួលខុសត្រូវនូវរាល់ប្រតិបត្តិការដែលកើតឡើងពាក់ព័ន្ធនឹងប័ណ្ណដើម និងប័ណ្ណបន្សំទាំងអស់ រួមទាំងការជូនដំណឹង ឬស្នើសុំមកធនាគារ ដើម្បីធ្វើមោឃភាពប័ណ្ណទាំងនោះ។
៤.៣ ព័ត៌មានប័ណ្ណ ដូចជា លេខប័ណ្ណ កាលបរិច្ឆេទផុតកំណត់ លេខសុវត្ថិភាព (លេខបីខ្ទង់ខាងក្រោយប័ណ្ណ) និងលេខសម្ងាត់ ឬរួមទាំងលេខផ្ទៀងផ្ទាត់សុវត្ថិភាព "OTP" ត្រូវរក្សាឱ្យបានគង់វង្ស និងមិនត្រូវឱ្យភាគីទីបីដឹងឡើយ ទោះជាដោយចេតនា ឬអចេតនាក្ដី។ ម្ចាស់ប័ណ្ណដើម ឬប័ណ្ណបន្សំ មិនត្រូវសរសេរ ឬកត់ត្រាលេខសម្ងាត់ នៅកន្លែងណាមួយដែលអាចឱ្យភាគីទីបីដឹងឡើយ។ លោក-លោកស្រី ត្រូវទទួលខុសត្រូវចំពោះរាល់ប្រតិបត្តិការដកប្រាក់ ឬប្រតិបត្តិការផ្សេងៗរបស់ប័ណ្ណដែលគ្មានការអនុញ្ញាត បណ្តាលមកពីការធ្វេសប្រហែសរបស់លោក-លោកស្រីក្នុងការទុកដាក់ ឬប្រើប្រាស់ប័ណ្ណ ហើយមិនបានបង្កក ឬបង្ខាំងប័ណ្ណនោះទាន់ពេលវេលា។
៤.៤ ករណីបាត់ប័ណ្ណ ឬព័ត៌មានប័ណ្ណត្រូវបានគេយកទៅប្រើប្រាស់ លោក-លោកស្រី ត្រូវរាយការណ៍ជាបន្ទាន់ មកកាន់ការិយាល័យទំនាក់ទំនងអតិថិជន (៨៥៥) ២៣ ៩៩៤ ៤៤៤/១៥ ៩៩៩ ២៣៣ ហើយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារឱ្យបានឆាប់បំផុត ឬលោក-លោកស្រីអាចធ្វើការបង្កក ឬបង្ខាំងប័ណ្ណដោយខ្លួនឯងតាមអេស៊ីស៊ូភើអេប ២៤/៧។ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុង រាល់ប្រតិបត្តិការដែលកើតឡើងពីការប្រើប្រាស់ប័ណ្ណ ក្នុងអំឡុងពេលជូនដំណឹងនេះ។ បន្ទាប់ពីទទួលបានសំណើសុំឱ្យដោះស្រាយបញ្ហាអ្វីមួយ ធនាគារនឹងធ្វើការជូនដំណឹងទៅលោក-លោកស្រី ក្នុងរង្វង់ ០៣ថ្ងៃ នៃថ្ងៃធ្វើការ ចំពោះបញ្ហាដែលមិនអាចឆ្លើយតបភ្លាមៗបាន។
៥ លេខសម្ងាត់ និងលក្ខខណ្ឌសុវត្ថិភាព
៥.១ ត្រូវជ្រើសរើសលេខសម្ងាត់ផ្ទាល់ខ្លួន (PIN) ដែលមាន ៦ខ្ទង់ ជាលេខទាំងអស់ និងត្រូវចងចាំសម្រាប់ធ្វើប្រតិបត្តិការជាមួយម៉ាស៊ីនអេធីអឹម (ATM/CRM) និងម៉ាស៊ីនឆូតកាត (POS)។
៥.២ ការជ្រើសរើសលេខសម្ងាត់ ត្រូវអនុវត្តដូចខាងក្រោម៖
- មិនត្រូវជ្រើសរើសលេខលំដាប់ឡើង ឬលេខលំដាប់ចុះ ដូចជា ១២៣៤៥៦ ឬ ៩៨៧៦៥៤។
- មិនត្រូវជ្រើសរើសលេខដូចៗគ្នាលើសពី ៣ដង ដូចជា ៩៩៩៩៩៩។
- មិនត្រូវជ្រើសរើសលេខទូរសព្ទដៃរបស់ខ្លួនឯង។
- មិនត្រូវជ្រើសរើសលេខថៃ្ងខែឆ្នាំកំណើត ឬលេខថៃ្ងខែឆ្នាំកំណើតរបស់សមាជិកគ្រួសារ និងលេខផ្សេងទៀតដែលគេដឹងជាទូទៅនោះធ្វើជាលេខសម្ងាត់ផ្ទាល់ខ្លួនឡើយ។
- មិនត្រូវជ្រើសរើសលេខសម្ងាត់ដែលសាធារណជនទូទៅស្គាល់ និងងាយស្រួលទាយធើ្វជាលេខសម្ងាត់ឡើយ។
៥.៣ ការដំណើរការប័ណ្ណ (Activate Card) តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា (ATM/CRM) លេខសម្ងាត់ដំបូងចំនួន ៦ខ្ទង់ នឹងបញ្ជូនតាមរយៈសារជូនដំណឹង (Push Notification) ករណីអតិថិជនចុះឈ្មោះប្រើប្រាស់សេវាអេស៊ីស៊ូភើអេប ឬផ្ញើចូលប្រអប់សារទូរសព្ទរបស់ម្ចាស់គណនី ករណីអតិថិជនមិនមានប្រើប្រាស់សេវាអេស៊ីស៊ូភើអេប។ លោក-លោកស្រី ត្រូវធ្វើការប្តូរភ្លាមៗនូវលេខសម្ងាត់ដែលទទួលបានពីធនាគារ តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា មកជាលេខសម្ងាត់ថ្មី ដែលមានចំនួន ៦ខ្ទង់ បន្ទាប់ពីចូលដំណើរការរួចរាល់។
៥.៤ មិនត្រូវអនុញ្ញាតឱ្យនរណាម្នាក់ប្រើប័ណ្ណ ឬលេខសម្ងាត់របស់លោក-លោកស្រីឡើយ។
៥.៥ មិនត្រូវឱ្យអ្នកដទៃមើលឃើញលេខសម្ងាត់ នៅពេលកំពុងធ្វើប្រតិបត្តិការឡើយ ករណីសង្ស័យថាមានគេដឹង ត្រូវប្តូរលេខសម្ងាត់នោះភ្លាម។
៥.៦ ត្រូវបញ្ចូលលេខសម្ងាត់ឱ្យបានត្រឹមត្រូវ។
៥.៧ ការបញ្ចូលលេខសម្ងាត់ មិនត្រឹមត្រូវចំនួន ៣ដង នឹងត្រូវច្រានចេញពីប្រព័ន្ធ។
៥.៨ ព័ត៌មានប័ណ្ណជាការសម្ងាត់ផ្ទាល់ខ្លួន ដូចជា លេខប័ណ្ណ លេខសម្ងាត់ និងលេខសុវត្ថិភាព ជាដើម។ ដូច្នេះសូមលោក-លោកស្រីជ្រាបថា មិនមានបុគ្គលិកណាម្នាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវទំនាក់ទំនងទៅកាន់លោក-លោកស្រី ក្នុងការស្នើសុំព័ត៌មានសម្ងាត់ទាំងនោះឡើយ។
៥.៩ លោក-លោកស្រី មិនត្រូវបង្ហាញព័ត៌មានប័ណ្ណដល់អ្នកណាម្នាក់ឡើយ លើកលែងតែការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញ (Online Shopping/Internet) លោក-លោកស្រី ត្រូវប្រើប្រាស់ព័ត៌មានប័ណ្ណ ដូចជា លេខប័ណ្ណ, ថ្ងៃខែឆ្នាំផុតកំណត់, លេខកូដសុវត្ថិភាព (CVC/CVV) និង/ឬលេខកូដផ្ទៀងផ្ទាត់ (3Ds/OTP) ដែលយកពីក្នុងប្រអប់សារទូរសព្ទរបស់លោក-លោកស្រី ឬបង្កើតដោយឧបករណ៍ Hard/Soft Token ។
៥.១០ ចំពោះការប្រើប្រាស់ប័ណ្ណអេស៊ីលីដាគ្រប់ប្រភេទក្នុងការទូទាត់ផ្សេងៗ លោក-លោកស្រី ត្រូវអនុវត្តតាមការកំណត់ ដូចខាងក្រោម៖
- មិនត្រូវឱ្យគេដឹង ឬប្រាប់ ឬមើលឃើញព័ត៌មានប័ណ្ណនៅពេលប្រើប្រាស់ឡើយ។ រាល់ពេលបញ្ចូលព័ត៌មានប័ណ្ណតាមសេវាអ៊ីខុមមើស ឬទូទាត់តាមអនឡាញ ត្រូវប្រាកដថាគ្មានអ្នកណាលួចមើល។
- លោក-លោកស្រីត្រូវយល់ដឹង និងអានព័ត៌មាន Website/App ដែលត្រូវធ្វើប្រតិបត្តិការជាមួយនោះឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តបញ្ចូលព័ត៌មានប័ណ្ណអេស៊ីលីដា។
- លោក-លោកស្រីមិនត្រូវធ្វើប្រតិបត្តិការជាមួយ Website/App ឬចុចលើតំណភ្ជាប់ទូទាត់ "Payment Link" ណាមួយ ដែលមិនស្គាល់ ឬមានប្រភពមិនច្បាស់លាស់ ឬមិនអាចទុកចិត្តបាន ដើម្បីបញ្ចៀសហានិភ័យផ្សេងៗដែលអាចកើតឡើង។ បើមិនដូច្នោះទេ លោក-លោកស្រី អាចប្រឈមនឹងការបាត់បង់ប្រាក់ ហើយជាការទទួលខុសត្រូវរបស់លោក-លោកស្រីផ្ទាល់។
- លោក-លោកស្រីមិនត្រូវបញ្ចូលព័ត៌មាន ឬឆ្លើយតបសំណួរអ៊ីម៉ែល ឬចម្ងល់ណាមួយជាដាច់ខាត ដើម្បីឱ្យបញ្ចូល និងបញ្ជាក់ព័ត៌មាន ឬ User Name និង Password លុះត្រាតែធ្លាប់បានទាក់ទង ឬជឿជាក់ច្បាស់អំពីប្រភពដើមនោះ។
- នៅពេលទូទាត់ តាមរយៈប្រព័ន្ធអនឡាញ នឹងមានលេខកូដផ្ទៀងផ្ទាត់ (3D Secure Code/OTP) ដែលមានចំនួន ៦ខ្ទង់ ផ្ញើតាម SMS ឬSoft token ឬ Hard token សម្រាប់ឱ្យលោក-លោកស្រីធ្វើការបញ្ជាក់លើប្រតិបត្តិការបញ្ជាទិញ ឬទូទាត់ថ្លៃទំនិញ-សេវាកម្ម។
- ប្រសិនបើមានការសង្ស័យ ឬបានដឹងថាព័ត៌មានប័ណ្ណរបស់លោក-លោកស្រី ត្រូវបានគេដឹង ឬលួច លោក-លោកស្រីត្រូវធ្វើការបង្ខាំងប័ណ្ណដោយខ្លួនឯង តាមរយៈម៉ឺនុយបង្ខាំងប័ណ្ណ (Block Card) នៃអេស៊ីស៊ូភើអេប ផ្ទាល់ខ្លួន ឬជូនដំណឹងមកធនាគារជាបន្ទាន់ ដើម្បីបង្ខាំង ឬចាត់វិធានការតាមលក្ខណៈបច្ចេកទេស ទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ។ បើការជូនដំណឹងធ្វើឡើងតាមរយៈទូរសព្ទ ត្រូវបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរ នៅការិយាល័យធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនៅជិតបំផុត ក្នុងរយៈពេល ០២ (ពីរ) ថ្ងៃ នៃថ្ងៃធ្វើការរបស់ធនាគារ។
៦ ការដកបា្រក់ ឬទូទាត់ផ្សេងៗ
៦.១ នៅពេលដកបា្រក់ ឬទូទាត់ លោក-លោកស្រី ត្រូវធ្វើការផ្ទៀងផ្ទាត់សាច់បា្រក់ ឱ្យបានត្រឹមត្រូវ មុននឹងចាកចេញពីម៉ាស៊ីន ឬបន្ទាប់ពីការធ្វើប្រតិបត្តិការតាម Online រួចភ្លាម។
៦.២ ការដកប្រាក់ ឬទូទាត់ ជារូបិយប័ណ្ណផ្សេងពីរូបិយប័ណ្ណនៃគណនី ត្រូវអនុលោមតាមអត្រាប្ដូរប្រាក់ដែលកំណត់ដោយធនាគារ ឬស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ វីសា/ម៉ាស្ទ័រកាត/ចេស៊ីប៊ី/យូភីអាយ។
៧ ការដាក់បា្រក់
៧.១ លោក-លោកស្រី អាចដាក់បា្រក់ចូលគណនីដែលមាននៅធនាគារ តាមម៉ាស៊ីនអេធីអឹមអេស៊ីលីដា (CRM) ដោយប្រើបា្រស់អាយប៊ែង (i-bank PayBand) ឬប័ណ្ណឥណពន្ធអេស៊ីលីដាគ្រប់ប្រភេទ ដូចជា ប័ណ្ណឥណពន្ធអេស៊ីលីដាធម្មតា/មាស, ប័ណ្ណឥណទានប្រើប្រាស់ផ្ទាល់ខ្លួន, ប័ណ្ណឥណពន្ធទូទាត់រួមអត្តសញ្ញាណ និងប័ណ្ណឥណពន្ធវីសាអេស៊ីលីដា/ម៉ាស្ទ័រកាតអេស៊ីលីដា/ចេស៊ីប៊ីអេស៊ីលីដា/យូភីអាយអេស៊ីលីដា។
៧.២ លោក-លោកស្រី ត្រូវដាក់បា្រក់ជារូបិយវត្ថុរៀល ឬរូបិយប័ណ្ណដុល្លារអាមេរិក តែប៉ុណ្ណោះ។ ចំពោះប័ណ្ណឥណពន្ធដែលភ្ជាប់ទៅនឹងគណនីប្រភពជាប្រាក់បាត ប្រព័ន្ធនឹងប្តូរប្រាក់ទៅជាប្រាក់បាត ដោយស្វ័យប្រវត្តិ យោងតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារនៅពេលដាក់ប្រាក់នោះ។
៧.៣ លោក-លោកស្រី ត្រូវធានាលើគុណភាពនៃប្រភេទក្រដាសបា្រក់ ដោយមិនត្រូវដាក់បា្រក់ ដូចជា ប្រឡាក់, សើម, ទក់, ខ្ទេច, មូរ, ចាស់, ដាច់រហែក ឬប្រហោង, បិទស្កុត ឬមិនអាចចរាចរបាន ដូចជា ខូចខ្សែ 3D ឬ រូបជួង/លេខ 100 ធ្វើចលនាតិចតួច ឬមិនធ្វើចលនា (ចំពោះក្រដាសប្រាក់ដុល្លារអាមេរិក) នៅតាមម៉ាស៊ីន CRM ឡើយ។ ធនាគារមិនទទួលខុសត្រូវចំពោះការខូចខាត ឬភាពមិនត្រឹមត្រូវណាមួយ បណ្តាលមកពីការអនុវត្តមិនត្រឹមត្រូវតាមលក្ខខណ្ឌនេះឡើយ។
៧.៤ លោក-លោកស្រី ត្រូវរាប់ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់សាច់ប្រាក់ឱ្យបានត្រឹមត្រូវ និងគ្រប់ចំនួនជាមុនសិន បន្ទាប់មកត្រូវតម្រៀបក្រដាសប្រាក់ តាមលំដាប់លំដោយ ឬញែកក្រដាសប្រាក់ ដែលមានប្រភេទផ្សេងគ្នា ដូចជា ក្រដាស USD១០; ក្រដាស USD២០; ក្រដាស USD៥០ និងក្រដាស USD១០០ ឬក្រដាស KHR១០,០០០; ក្រដាស KHR២០,០០០; ក្រដាស KHR៥០,០០០ និងក្រដាស KHR១០០,០០០ មុននឹងដាក់ប្រាក់ទាំងនោះ តាមម៉ាស៊ីន CRM។
៧.៥ លោក-លោកស្រី មិនត្រូវធ្វើប្រតិបត្តិការក្រដាសប្រាក់ក្លែងក្លាយ ឬក្រដាសប្រាក់ថតចម្លង ឬក្រដាសប្រាក់សែន ជាដាច់ខាត។ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នូវប្រតិបត្តិការក្រដាសប្រាក់ក្លែងក្លាយ ឬក្រដាសប្រាក់ថតចម្លង ឬក្រដាសប្រាក់សែន ដោយឥតលក្ខខណ្ឌ ឬហេតុផលណាមួយឡើយ។
៨ ថ្លៃសេវា ការបា្រក់ និងសោហ៊ុយចំណាយផ្សេងៗ
៨.១ ធនាគារនឹងគិតថ្លៃសេវាប្រើបា្រស់ប្រចាំខែ/ឆ្នាំ ចាប់ពីថ្ងៃចេញប័ណ្ណតទៅ ទោះជាមានការយឺតយ៉ាវ ក្នុងការមកទទួលយកប័ណ្ណ ក៏ដោយ។
៨.២ ការស្នើសុំប័ណ្ណថ្មី ជំនួសប័ណ្ណចាស់ ដែលខូច, បាត់ ឬចោរលួច... អាចត្រូវបង់ថ្លៃសេវា តាមការកំណត់របស់ធនាគារ។ ចំពោះថ្លៃសេវាប្រើប្រាស់ប្រចាំខែ/ឆ្នាំ ដែលបានកាត់ពីប័ណ្ណចាស់រួចហើយ ពុំត្រូវបានកាត់កងទៅឱ្យប័ណ្ណថ្មីវិញឡើយ។
៨.៣ ធនាគាររក្សាសិទ្ធិក្នុងការកាត់ថ្លៃសេវា និងកម្ទេចប័ណ្ណ ក្នុងករណីលោក-លោកស្រី មិនមកទទួលលើសពី ៦ខែ ដោយគិតចាប់ពីថ្ងៃចេញប័ណ្ណ។
៨.៤ លោក-លោកស្រី ត្រូវរក្សាសមតុល្យគណនីឱ្យបានគ្រប់គ្រាន់ ដើម្បីធានាលើគ្រប់ប្រតិបត្តិការ និងការចំណាយថ្លៃសេវានានា ដោយផ្អែកតាមការកំណត់របស់ធនាគារ។ ក្នុងករណីដែលសមតុល្យគណនីស្មើសូន្យរយៈពេលលើសមួយឆ្នាំ ធនាគាររក្សាសិទ្ធិក្នុងការមោឃភាពប័ណ្ណ។
៨.៥ ធនាគាររក្សាសិទ្ធិជាឯកច្ឆន្ទក្នុងការកាត់កងប្រាក់ចេញពីគណនីរបស់លោក-លោកស្រី ដើម្បីទូទាត់ទឹកប្រាក់ប្រតិបត្តិការ ទូទាត់បំណុល បង់ថ្លៃសោហ៊ុយចំណាយ បង់ប្រាក់ពិន័យ និងថ្លៃសេវាផ្សេងៗទៀត ដែលលោក-លោកស្រីជំពាក់ធនាគារ ឬដើម្បីកែតម្រូវលើការទូទាត់ដែលបណ្តាល មកពីកំហុសបច្ចេកទេសណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុនទៅលោក-លោកស្រីឡើយ។ ករណីគណនីមានទឹកប្រាក់មិនគ្រប់គ្រាន់ ធនាគារ នឹងជូនដំណឹងលោក-លោកស្រី ឱ្យមកដាក់ប្រាក់បន្ថែមនៅក្នុងគណនីឱ្យបានគ្រប់គ្រាន់។
៨.៦ ថ្លៃសេវាអាចមានការប្រែប្រួលស្របតាមការកំណត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងស្ថាប័នដៃគូ។ ចំពោះទឹកប្រាក់នៃប្រតិបត្តិការសងត្រឡប់ (Refund) លោក-លោកស្រី យល់ព្រមផ្តល់សិទ្ធិជូនធនាគារដើម្បីកាត់កម្រៃសេវានោះ តាមការកំណត់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគោលការណ៍របស់ស្ថាប័នអន្តរជាតិដទៃ។
៨.៧ ចំពោះអ្នកប្រើបា្រស់ប័ណ្ណឥណទាន ថ្លៃសេវា និងការបា្រក់ ត្រូវអនុវត្តទៅតាមគោលការណ៍ឥណទាន និងកិច្ចសន្យាឥណទាន រវាងអ្នកប្រើបា្រស់ និងធនាគារ។
៩ ការដោះស្រាយជម្លោះ
៩.១ រាល់បញ្ហាផ្សេងៗ កើតមានឡើងខុសប្រក្រតី ទាក់ទងនឹងសមតុល្យក្នុងគណនីនៃប័ណ្ណអេស៊ីលីដារបស់លោក-លោកស្រី ត្រូវជូនដំណឹងមកធនាគារឱ្យបានមុនរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីប្រតិបត្ដិការបានកើតឡើង។ ក្នុងករណីមិនបានជូនដំណឹងមកធនាគារទាន់ពេល ធនាគាររក្សាសិទ្ធិមិនដោះស្រាយបញ្ហាជូនឡើយ។
៩.២ ធនាគាររក្សាសិទ្ធិក្នុងការដោះស្រាយបញ្ហាជូន ដោយអនុលោមតាមគោលការណ៍អន្តរធនាគារ ឬស្ថាប័នវីសា/ម៉ាស្ទ័រកាត/ចេស៊ីប៊ី/យូភីអាយ។
៩.៣ ធនាគាររក្សាសិទ្ធិក្នុងការបង្ខាំងប័ណ្ណ ឬគណនីរបស់លោក-លោកស្រី ក្នុងករណីរកឃើញថាមានការទូទាត់ប្រតិបត្តិការខុសប្រក្រតី ឬបញ្ហាមិនប្រក្រតីកើតឡើង។
១០ ការទូទាត់សំណង
លោក-លោកស្រី យល់ព្រមដោយឥតលក្ខខណ្ឌ ក្នុងការទូទាត់សំណងមកធនាគារនូវរាល់ការខូចខាត បាត់បង់ ការទាមទារសំណង ឬការចំណាយផ្សេងៗដែលធនាគារទទួលរង ទាក់ទងនឹងការប្រើប្រាស់ប័ណ្ណអេស៊ីលីដា និងការអនុវត្តបំពានលើកិច្ចព្រមព្រៀងនេះ រួមទាំងការខកខានមិនបានចាត់វិធានការទប់ស្កាត់ការធ្វើប្រតិបត្តិការប័ណ្ណអេស៊ីលីដា ដោយគ្មានការអនុញ្ញាត ឬប្រតិបត្តិការក្លែងបន្លំ។
១១ ការធ្វើមោឃភាពប័ណ្ណ
តាមឆន្ទានុសិទ្ធិ ធនាគារអាចធ្វើការបញ្ឈប់ការប្រើប្រាស់ប័ណ្ណអេស៊ីលីដា ឬបដិសេធលើសំណើសុំប័ណ្ណថ្មីជំនួសប័ណ្ណចាស់ នៅពេលណាមួយ ដោយមិនចាំបាច់ជូនដំណឹងជាមុនដល់លោក-លោកស្រីឡើយ។
១២ ការបង្ហាញព័ត៌មានប័ណ្ណ
១២.១ ធនាគាររក្សាសិទ្ធិក្នុងការផ្តល់នូវរាល់ព័ត៌មាន ដែលទាក់ទងនឹងគណនីរបស់លោក-លោកស្រី ទៅកាន់ស្ថាប័នផ្សេងៗ ក្នុងករណីចាំបាច់ (រួមទាំងអាជ្ញាធរ ឬភ្នាក់ងាររដ្ឋាភិបាល) ឬក្នុងការតភ្ជាប់ជាមួយបណ្ដាញផ្ទេរប្រាក់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (EFT)។
១២.២ តាមឆន្ទានុសិទ្ធិ ធនាគារអាចធ្វើការបង្ហាញនូវព័ត៌មានរបស់លោក-លោកស្រី នៅពេលណាមួយបានដូចខាងក្រោម៖
- សមាជិករបស់ស្ថាប័នវីសា និង/ឬម៉ាស្ទ័រកាត ។ល។
- ភាគីដែលពាក់ព័ន្ធនឹងប្រតិបត្តិការប័ណ្ណ
- មានការតម្រូវពីអាជ្ញាធរមានសមត្ថកិច្ច
- ប្រើបា្រស់ក្នុងសវនកម្ម និង
- យោងលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
១២.៣ ធនាគាររក្សាសិទ្ធិក្នុងការប្រើបា្រស់ព័ត៌មាននៅក្នុងពាក្យស្នើសុំប័ណ្ណ និងសម្រាប់ការស្រាវជ្រាវ ឬព័ត៌មានពីប្រភពខាងក្រៅ រួមមានរបាយការណ៍អតិថិជន សកម្មភាពផ្សព្វផ្សាយទីផ្សារធ្វើឡើងដោយធនាគារ/ក្រុមហ៊ុនបុត្រសម្ព័ន្ធ។ ធនាគារអាចប្រើបា្រស់ព័ត៌មានទាំងនេះ ដើម្បីបង្កើតបញ្ជីអតិថិជន (Mailing Lists) ប្រើបា្រស់ក្នុងគោលបំណងធ្វើយុទ្ធនាការផ្សព្វផ្សាយទីផ្សារ។
១២.៤ ករណីផ្សេងទៀត ត្រូវមានការឯកភាពពីលោក-លោកស្រី និងស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
១៣ ការប្រើប្រាស់ និងការកំណត់ឯកជនភាពនៃព័ត៌មាន ឬទិន្នន័យបុគ្គល
១៣.១ ធនាគារអាចប្រមូល និងរក្សាទុកនូវព័ត៌មានដែលផ្ដល់ដោយលោក-លោកស្រី ដូចជា ឈ្មោះជាភាសាខ្មែរ និងអក្សរឡាតាំង លេខទូរសព្ទ នាមខ្លួន នាមត្រកូល ភេទ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត លេខអត្តសញ្ញាណប័ណ្ណ កាលបរិច្ឆេទផុតកំណត់អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណនិយោជិត អាសយដ្ឋាន អ៊ីម៉ែល និងព័ត៌មានផ្សេងទៀត ដើម្បីចុះឈ្មោះអ្នកប្រើប្រាស់សេវាប័ណ្ណអេស៊ីលីដា។
១៣.២ ធនាគារអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ក្នុងករណីណាមួយដូចខាងក្រោម៖
- នៅពេលលោក-លោកស្រី ចាប់ផ្តើមបើកដំណើរការប័ណ្ណអេស៊ីលីដា
- នៅពេលមានតម្រូវការដោយគោរពតាមលក្ខខណ្ឌច្បាប់ បទប្បញ្ញត្តិ ឬអាជ្ញាធរមានសមត្ថកិច្ច
- ផ្តល់ជូនលោក-លោកស្រី នូវផលិតផល និងសេវាកម្មរបស់ធនាគារ
- គ្រប់គ្រង និងដំណើរការនូវប្រតិបត្តិការរបស់លោក-លោកស្រី
- រក្សាទុកជាព័ត៌មានផ្ទៃក្នុង
- កែលម្អ/ផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ធនាគារឱ្យប្រសើរឡើង
១៣.៣ ធនាគារនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដោយអនុលោមតាមច្បាប់ បទប្បញ្ញត្តិ និងតម្រូវការរបស់អាជ្ញាធរមានសមត្ថកិច្ច និងចែករំលែកជាមួយតតិយជនដែលបានចុះកិច្ចព្រមព្រៀងធ្វើជាអ្នកផ្តល់សេវាកម្មជាមួយធនាគារប៉ុណ្ណោះ ដើម្បីគ្រប់គ្រង និងដំណើរការនូវប្រតិបត្តិការទូទាត់របស់លោក-លោកស្រី។
១៣.៤ ធនាគារនឹងរក្សាទុកនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដោយយោងទៅលើគោលការណ៍នៃការរក្សាទុកទិន្នន័យរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ធនាគារអាចរក្សាទុកនូវព័ត៌មានរបស់លោក-លោកស្រី រហូតដល់រយៈពេលកំណត់ណាមួយ ដើម្បីអនុវត្តនូវកាតព្វកិច្ចរបស់ធនាគារ ស្របតាមក្របខណ្ឌច្បាប់ ឬបទប្បញ្ញត្តិ។ នៅពេលដែលព័ត៌មានរបស់លោក-លោកស្រី លែងជាតម្រូវការចាំបាច់ ធនាគារនឹងលុបចោលភ្លាមៗ ជាសម្ងាត់ ប្រកបដោយសុវត្ថិភាព។
១៣.៥ ធនាគារសូមធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ត្រូវបានរក្សាទុកតាមមធ្យោបាយដែលមានសុវត្ថិភាពខ្ពស់ និងមានទំនុកចិត្ត។ ធនាគារការពារព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដោយអនុវត្តទៅតាមយន្តការសុវត្ថិភាពខ្ពស់ វិធានការត្រួតពិនិត្យដ៏ប្រសើរបំផុតដោយរួមបញ្ចូលទាំងបច្ចេកវិទ្យាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ បាន encrypted ដោយបច្ចេកវិទ្យា cryptographic ខ្ពស់បំផុត និងស្របទៅតាមស្តង់ដារសុវត្ថិភាពឧស្សាហកម្ម ដើម្បីការពាររាល់ការចូលលុកលុយ ការប្រមូល ការប្រើប្រាស់ ការបង្ហាញ ការចម្លង ការកែប្រែ ការដកចេញ ឬហានិភ័យផ្សេងទៀត ដោយគ្មានការអនុញ្ញាត។
១៤ ការកែប្រែ
ធនាគារ នឹងជូនដំណឹងមុនរហូតដល់ ៣០ថ្ងៃ ទៅលោក-លោកស្រី ករណីមានការបន្ថែម, លុបចោល, ផ្លាស់ប្តូរចំណុចណាមួយនៃលក្ខខណ្ឌនេះ ថ្លៃសេវា ឬបញ្ហាផេ្សងៗ ដែលធើ្វឱ្យប៉ះពាល់ដល់សិទ្ធិ និងការទទួលខុសត្រូវរបស់លោក-លោកស្រី តាមរយៈមធ្យោបាយណាមួយ ក្នុងចំណោមមធ្យោបាយដូចខាងក្រោម៖
- ផើ្ញសារទៅកាន់ទូរសព្ទលោក-លោកស្រី ដោយផ្ទាល់
- ផ្សព្វផ្សាយជាសាធារណៈតាមរយៈសារព័ត៌មាន
- ជូនដំណឹងនៅការិយាល័យធនាគារ ឬ
- ជូនដំណឹងតាមរយៈគេហទំព័រ (Website)
១៥ លក្ខខណ្ឌផ្សេងៗ
១៥.១ លក្ខខណ្ឌនៃការប្រើបា្រស់នេះ ត្រូវអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងធ្វើឡើងជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនប្រសិនបើចំណុចណាមួយមានអត្ថន័យខុសគ្នា នោះលក្ខខណ្ឌជាភាសាខ្មែរ ត្រូវបានទទួលយកជាផ្លូវការ។
១៥.២ លក្ខខណ្ឌនេះត្រូវបានផ្តល់ជូនតាមមធ្យោបាយអេឡិចត្រូនិកផ្សេងៗដែលអាចធ្វើទៅបាន ដើម្បីបញ្ជាក់ក្នុងការប្រើប្រាស់ប័ណ្ណអេស៊ីលីដាបានត្រឹមត្រូវ។
ខ្ញុំបានអាន និងយល់ព្រមគ្រប់លក្ខខណ្ឌដែលបានបញ្ជាក់ខាងលើនេះ។

