www.acledabank.com.kh

navigate_nextព័ត៌មាន​ហិរញ្ញវត្ថុnavigate_nextរបាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ

របាយការណ៍​ប្រធាន​នាយក​ប្រតិបត្តិ

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

"ឈានចូលឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា បន្តប្រកាន់ជំហរឥតងាករេបេសកកម្ម ដើម្បីឈានមុខក្នុងនវានុវត្តន៍ និងផ្តល់គុណតម្លៃពិសេសដល់អតិថិជន និងដៃគូអាជីវកម្មរបស់យើង។ នៅឆ្នាំនេះ យើងកំពុងបង្កើនការប្តេជ្ញាចិត្តរបស់យើងទ្វេដង ដើម្បីកម្លាយខ្លួនទៅជាឌីជីថល ការពង្រីកទីផ្សារ និងនិរន្តរភាព ដោយធានាថា យើងបំពេញតាមតម្រូវការរបស់អតិថិជន និងបន្តឈានមុខ នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុ ដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អេស៊ីលីដា ស៊ូភើអេប បន្តដើរតួនាទីស្នូលនៅក្នុងយុទ្ធសាស្ត្រឌីជីថលរបស់យើង ដោយផ្តល់ជូនលក្ខណៈពិសេសទំនើបៗ ដែលបង្កើនបទពិសោធន៍ដល់អ្នកប្រើប្រាស់ និងពង្រីកវត្តមានរបស់យើងទាំងនៅក្នុងស្រុក និងសកលលោក។ តាមរយៈសមាហរណកម្មស៊ីជម្រៅរវាង អេបរបស់យើង ជាមួយនឹង អេបរបស់រដ្ឋាភិបាល និងវិស័យសាធារណៈ សំដៅបង្កើនការធ្វើបរិយាបន្ន និងការតភ្ជាប់ប្រព័ន្ធអេកូហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរូបវន្តបុគ្គល អាជីវកម្ម និងសហគមន៍ មានការីកចម្រើនប្រកបដោយចីរភាព។ យើងមានមោទនភាពចំពោះផែនការអនាគត ក្នុងការពង្រីកបណ្តាញប្រតិបត្តិការទៅក្នុងតំបន់ ដែលនឹងនាំមកនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាពអាជីវកម្ម យើងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបង្កើតគុណតម្លៃរយៈពេលវែង ជូនអតិថិជន កម្មករនិយោជិត និងភាគហ៊ុនិករបស់យើង។ សន្តិសុខព័ត៌មានវិទ្យានៅតែជាអាទិភាពចម្បងក្នុងឆ្នាំ២០២៥។ យើងនឹងពង្រឹងការការពារ ការថែរក្សាទ្រព្យសម្បត្តិ និងការផ្តល់អាទិភាពដល់ការអប់រំការយល់ដឹងដល់អតិថិជន ដើម្បីធានាបាននូវបទពិសោធន៍ឌីជីថល ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ដល់គ្រប់គ្នា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្តពីអតិថិជន និងដៃគូអាជីវកម្ម ការលះបង់របស់កម្មករនិយោជិត និងការគាំទ្រពីភាគហ៊ុនិក ចំពោះការទទួលបានជោគជ័យលើមាគ៌ានេះ។ ទន្ទឹមនឹងនេះ យើងកំពុងកសាងអនាគតដ៏ត្រចះត្រចង់មួយ ដែលជំរុញឱ្យមានការរីកចម្រើន ការច្នៃប្រឌិត និងឱកាស សម្រាប់យើងទាំងអស់គ្នា។"

សមិទ្ធិផល​សម្រេច​បាន​ក្នុង​ឆ្នាំ២០២៤

ស្ថានភាពប្រកួតប្រជែង

ឆ្នាំ២០២៤ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានទំនោរកើនឡើង និងសក្ដានុពលកាន់តែខ្លាំង ក្នុងការផ្តល់សេវាកម្មរហ័ស ប្រកបដោយភាពច្នៃប្រឌិតខ្ពស់លើគ្រប់វិស័យ ជាពិសេសជំរុញដល់កំណើនរីកលូតលាស់ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងយុគសម័យឌីជីថលនេះ ខណៈដែលអតិថិជនកំពុងអភិវឌ្ឍ និងសម្របខ្លួនបន្ដិចម្ដងៗ ទៅនឹងបរិការណ៍នៃសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងកំពុងទទួលយកយ៉ាងឆាប់រហ័សនូវផលិតផល និងសេវាកម្មធនាគារឌីជីថល គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ក្នុងប្រទេសកម្ពុជា បាននិងកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា តាមវិធីសាស្ត្រផ្សេងៗ ដូចជា បណ្ដាញទីផ្សារ យុទ្ធសាស្ត្រជំរុញ និងផ្សព្វផ្សាយ ការផ្តល់រង្វាន់លើកទឹកចិត្ត ការពង្រីកបណ្តាញប្រតិបត្តិការរូបវន្ដ និងឌីជីថល និងយុទ្ធសាស្ត្រកំណត់ថ្លៃ ជាដើម។ កត្តានេះបានជំរុញឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ បង្កើនអានុភាពហិរញ្ញវត្ថុយ៉ាងធំធេង ព្រមទាំងអភិវឌ្ឍចំណេះដឹង និងបរិយាបន្នផ្នែកហិរញ្ញវត្ថុ ឱ្យកាន់តែប្រសើរឡើង។

ធនាគារ អេស៊ីលីដា បន្តធ្វើទំនើបកម្មសាខា និងការិយាល័យ ឱ្យទៅជាមជ្ឈមណ្ឌលសេវាកម្មធនាគារស្វ័យប្រវត្តិ ដែលផ្ដល់ជម្រើសសេវាកម្មហិរញ្ញវត្ថុគ្រប់ប្រភេទ។ ក្របខ័ណ្ឌឌីជីថលនេះ មិនត្រឹមតែបានលើកកម្ពស់ស័ក្ដិសិទ្ធិភាព សុវត្ថិភាព ប្រសិទ្ធភាពចំណាយ និងពន្លឿនប្រព័ន្ធសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានប្រែក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៀតផង។ ក្របខ័ណ្ឌនេះក៏បានសម្របសម្រួល និងជួយជំរុញឱ្យមានបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរឡើង ដោយតភ្ជាប់ទំនាក់ទំនងសហគមន៍ទូទាំងប្រទេស និងពង្រីកទៅកាន់បណ្តាប្រទេសសមាជិកអាស៊ាន និងសកលលោកទាំងមូល។ កម្មវិធីសេវាកម្មធនាគារតាមទូរស័ព្ទចល័ត (Mobile App.) បានក្លាយជាឧបករណ៍ទូទាត់ដ៏មានសារៈសំខាន់ និងប្រជាប្រិយភាព សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពអាជីវកម្ម ដែលបានជំរុញដល់ការប្រកួតប្រជែងកាន់តែខ្លាំងក្លា។ អេស៊ីលីដា ស៊ូភើអេប "ធនាគារពិតស្ថិតនៅក្នុងដៃលោកអ្នក" គឺជាសេវាកម្មទូរស័ព្ទ ដែលមានពហុមុខងាររួមគ្នា ក្នុងការផ្តល់សេវាកម្មធនាគារ និងការគាំទ្រដល់សកម្មភាពរស់នៅ ដោយរួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្រើនប្រភេទ ស្ថិតក្នុងថ្នាលតែមួយ ងាយស្រួលប្រើប្រាស់ ឆ្លើយតបគ្រប់តម្រូវការ ទំនើបស៊ីវិល័យ រហ័សទាន់ចិត្ត មានសុវត្ថិភាព និងទំនុកចិត្ត។ អេស៊ីលីដា ស៊ូភើអេប កំពុងបម្រើសេវាកម្មជូនអ្នកប្រើប្រាស់/ដៃគូចុះឈ្មោះជាង ៤,២២លាននាក់។ អតិថិជនអាចប្រើប្រាស់ អេស៊ីលីដា ស៊ូភើអេប បាននៅគ្រប់កាលៈទេសៈទូទាំងពិភពលោក ឱ្យតែមានភ្ជាប់វ៉ាយហ្វាយ/អ៊ីនធឺណិត ជាពិសេសស្គែន KHQR/QR នៅទូទាំងប្រទេសកម្ពុជា និងធ្វើការទូទាត់ឆ្លងដែនជាមួយនឹង QR Code នៅក្នុងប្រទេសថៃ វៀតណាម និងឡាវ ផងដែរ។ ទំហំប្រតិបត្តិការឌីជីថល បានកើនឡើងរហូតដល់៩៩% នៃប្រតិបត្តិការសរុបរបស់ធនាគារ។

ចំណុច​សំខាន់ៗនៃ​ប្រតិបត្តិការ​ក្នុងឆ្នាំ២០២៤

សេវាកម្មហិរញ្ញវត្ថុ និង​ឥណទាន​សហគ្រាស​ខ្នាតតូច

ឥណទានខ្នាតតូចបានកើនឡើង៦,៤៩% ឬស្មើនឹង១៩៥,៤៣លានដុល្លារអាមេរិក។ ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្សេងៗ បានកើនឡើង២៧,៦០% ឬស្មើនឹង១៣៣,៤៤លានដុល្លារអាមេរិក។ ឥណទានគេហដ្ឋានមានចំនួន១៦៣,៦៤លានដុល្លារអាមេរិក។ សមតុល្យឥណទានសរុបមានចំនួន៧.១១៩,០២លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២៤។

សម្ព័ន្ធធនាគារមានសមតុល្យប្រាក់បញ្ញើ-សន្សំសរុបចំនួន៨.៣៥៩,០៦លានដុល្លារអាមេរិក (កើនឡើង១៥,៦៥% ឬស្មើនឹង១.១៣១,២៤លានដុល្លារអាមេរិក) និងមានគណនីសរុបប្រមាណ៥.៥២៥.០៨៦គណនី។ វិស័យលក់រាយ គឺជាផ្នែកដែលធំជាងគេបំផុតនៃកំណើនប្រាក់បញ្ញើសរុប ដែលភាគច្រើនបានមកពីអតិថិជនដាក់ប្រាក់បញ្ញើដំបូង ដូចជាកម្មករនិយោជិត តាមរយៈសេវាបើកប្រាក់បៀវត្ស និងអតិថិជននៅតាមជនបទ ដែលពួកគាត់បានប្រើប្រាស់គណនីវ៉លឡេត របស់អេស៊ីលីដា ស៊ូភើអេប។ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ តាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ បានចូលរួមចំណែកធ្វើឱ្យមានកំណើនយ៉ាងខ្លាំងក្លានេះ។

សម្ព័ន្ធធនាគារ បាននិងកំពុងបន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែទូលំទូលាយ សម្រាប់ផ្តល់ជម្រើសដ៏សម្បូរបែប ដែលមានសាខា៣១៩ទីតាំង (ឬ ការិយាល័យ) សេវាកម្មធនាគារស្វ័យប្រវត្តិចំនួន២០៦ទីតាំង ម៉ាស៊ីនអេធីអឹមចំនួន១.៥៥៥គ្រឿង និងម៉ាស៊ីនឆូតកាតចំនួន៥.៥៥៣គ្រឿង។ ចំណុចគួរជាទីមោទនភាព គឺសម័្ពន្ធធនាគារ បានបោះពុម្ពប័ណ្ណឥណពន្ធចំនួន១,៧៦លានប័ណ្ណ ជូនដល់អតិថិជន។ បន្ថែមលើនេះ អេស៊ីលីដា ស៊ូភើអេប (ACLEDA Super App) ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង៤,៤១លាននាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។

ឥណទានខ្នាតមធ្យម និងសាជីវកម្ម

ក្នុងឆ្នាំ២០២៤ សេវាចាត់ចែងសាច់ប្រាក់បានកើនឡើងយ៉ាងខ្លាំង តាមរយៈដៃគូជាមួយនឹងវិស័យសាធារណៈ រួមមាន បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) សេវាបើកប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ ការបង់ថ្លៃសេវាកម្មចុះបញ្ជី និងថ្លៃអាជ្ញាបណ្ណ ព្រមទាំងសេវាប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ។ល។ តម្រូវការប្រើប្រាស់សេវាទាំងនេះ តាមរយៈ អេស៊ីលីដា ស៊ូភើអេប បានកើនឡើងក្នុងឆ្នាំ២០២៤ ដោយមានស្ថាប័នជាតិ ព្រមទាំងសាជីវកម្ម នៅក្នុង និងក្រៅប្រទេស រួមទាំងស្ថាប័ននានា បានចូលរួមប្រើប្រាស់ ដែលជាឱកាសដ៏ល្អ សម្រាប់ការលក់ផលិតផល និងសេវាកម្មផ្សេងៗ ទៀត។

បន្ថែមលើនេះ ការផ្តល់ជូនសេវាកម្មដ៏ល្អ តាមរយៈបណ្តាញប្រតិបត្តិការទូទាំងប្រទេសរបស់ធនាគារ បានទាក់ទាញ និងជំរុញក្រុមហ៊ុនអាជីវកម្មខ្នាតមធ្យម និងសាជីវកម្មយ៉ាងខ្លាំង ឱ្យទទួលស្គាល់គុណភាពខ្ពស់ មានភក្ដីភាព និងជ្រើសរើសធនាគារ ជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាព ជាអាទិភាពទីមួយ សម្រាប់ការចាត់ចែង និងប្រភពហិរញ្ញវត្ថុ សម្រាប់គាំទ្រការទូទាត់ និងប្រតិបត្តិអាជីវកម្មរបស់ពួកគេ។ សេវាកម្មចម្រុះសម្បូរបែបទាំងនេះ ផ្ដល់អត្ថប្រយោជន៍ និងមានឥទ្ធិពលជាវិជ្ជមានដ៏យ៉ាងធំធេងលើលំហូរសាច់ប្រាក់ជារូបិយវត្ថុជាតិរបស់ធនាគារ និងបានធ្វើឱ្យធនាគារមានលទ្ធភាពប្រមូលប្រភពធនធានហិរញ្ញវត្ថុជារូបិយវត្ថុរៀល ដើម្បីពង្រឹង និងពង្រីកការផ្តល់ឥណទានជាប្រាក់រៀលបានកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងនេះ ឥណទានអាជីវកម្មខ្នាតមធ្យម និងសាជីវកម្ម បានកើនទ្បើង៥,៦០% បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនស្មើនឹង៣៥,០៥% នៃសមតុល្យឥណទានសរុប។

លើសពីនេះទៅទៀត ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូយុទ្ធសាស្រ្តរយៈពេលវែង ដែលមានបទពិសោធន៍ដ៏សម្បូរបែប ដែលមានសក្ដានុពលភាពច្រើន ក្នុងការជួយអតិថិជនឱ្យអាចគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាមួយគ្នានេះ ភាពជាដៃគូទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ប្រភពមូលនិធិរយៈពេលវែងដល់ធនាគារ និងជាប្រភពនៃប្រាក់ចំណូលក្រៅតារាងតុល្យការ ហើយទន្ទឹមគ្នានោះ ក៏បានលើកកម្ពស់ជំនាញ និងបទពិសោធន៍អន្តរជាតិ សម្រាប់ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ធនាគារ។

រតនាភិបាល ក្នុងប្រទេស និងអន្តរជាតិ

ធនាគារបន្តរក្សាបានជាស្ថាប័នផ្តល់សេវាប្តូរប្រាក់ដ៏លេចធ្លោមួយជូនសាធារណជន និងគ្រប់វិស័យ ដែលចំណូលពីសេវាប្តូរប្រាក់នេះបានបន្តកើនឡើងជាបន្តបន្ទាប់ ដោយបានចូលរួមចំណែកដ៏សំខាន់ ក្នុងការបង្កើនចំណូលមិនមែនការប្រាក់របស់ធនាគារ។ អនុលោមតាមគោលការណ៍គ្រប់គ្រងហានិភ័យ ធនាគារចៀសវាងដាច់ខាតនូវការជួញដូរសេវាប្តូរប្រាក់ ដើម្បីរំពឹងទុកផលចំណេញនាពេលអនាគត គឺត្រូវផ្តោតតែលើការគាំទ្រដល់តម្រូវការក្នុងអាជីវកម្មរបស់អតិថិជនតែប៉ុណ្ណោះ។ ធនាគាររក្សាវិធីសាស្រ្ត ដែលមានហានិភ័យទាប ដោយគ្រប់គ្រងការចាត់ចែងស្ថានភាពរូបិយប័ណ្ណចំហសុទ្ធរបស់ខ្លួននៅកម្រិតអនុបាតប្រុងប្រយ័ត្ន អនុលោមតាមការកំណត់ផ្ទៃក្នុង និងបទប្បញ្ញត្តិពាក់ព័ន្ធ។ យុទ្ធសាស្ត្រប្រកបដោយក្រឹត្យក្រមនេះ ធានាបានប្រភពចំណូល និងកំណើនមានស្ថិរភាពព្រមទាំងជំរុញ និងពង្រឹងបន្ថែមនូវទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន និងដៃគូរបស់ធនាគារ។

តារាងតុល្យការរបស់ធនាគារត្រូវបានពង្រឹងដោយលំហូរដ៏រឹងមាំនៃប្រាក់បញ្ញើរបស់អតិថិជន និងបំណុលរយៈពេលវែង ដែលធានាដល់កំណើនឥណទានប្រកបដោយនិរន្តរភាពពេញមួយឆ្នាំប្រតិបត្តិការ។ មូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំនេះ គាំទ្រដល់ការពង្រីក និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្ម និងប្រតិបត្តិការរបស់ធនាគារ។

ធនាគារបានចូលរួមចំណែកផ្សព្វផ្សាយយ៉ាងសកម្មក្នុងការលើកស្ទួយការប្រើប្រាស់ប្រាក់រៀល តាមរយៈការផ្តល់ឥណទានជារូបិយវត្ថុដល់អតិថិជន និងចូលរួមជាមួយយន្តការនានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា។ នៅដំណាច់ឆ្នាំ២០២៤ ផលបត្រសរុបច្រើនជាង១៩,៦៧% នៃទំហំឥណទានសរុបត្រូវបានផ្តល់ជូនអតិថិជនជារូបិយវត្ថុ ដែលលើសពីបញ្ញត្តិតម្រូវត្រឹមតែ១០%ប៉ុណ្ណោះ។ បន្ថែមពីនេះ ធនាគារចូលរួមយ៉ាងសកម្មក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុកម្ពុជា និងបានចូលរួមវិនិយោគប្រភពមូលនិធិរូបិយវត្ថុផ្ទាល់ខ្លួននៅក្នុងមូលបត្ររដ្ឋសរុបចំនួន២៦៩ពាន់លានរៀល (ប្រហែល៦៧លានដុល្លារអាមេរិក)។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ជាំងពីការបេ្តជ្ញាចិត្តរបស់ធនាគារ ក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស និងទំនើបកម្មទីផ្សារហិរញ្ញវត្ថុ។

ដើម្បីពង្រឹងប្រភពមូលនិធិរយៈពេលវែងរបស់ខ្លួន ធនាគារបានធ្វើពិពិធកម្មមូលនិធិច្រើនជម្រើសតាមរយៈការបង្កើតទំនាក់ទំនងរឹងមាំជាមួយនឹងដៃគូយុទ្ធសាស្ត្រទូទាំងសកលលោក ជាពិសេស នៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី។

ធនាគារនៅតែបន្តពង្រឹងទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុនានាដោយបានបង្កើនបណ្តាញធនាគារដៃគូអន្តរជាតិចំនួន២៥២ នៅក្នុងចំណោម៤៣ប្រទេស គិតត្រឹមដំណាច់ឆ្នាំ២០២៤។ បណ្តាញដ៏រឹងមាំនេះគូសបញ្ជាក់អំពីការតភ្ជាប់ជាសកល និងភាពជឿជាក់របស់ធនាគារ។

លើសពីនេះទៀត ធនាគារមានចំណែកទីផ្សារយ៉ាងច្រើនលើការគ្រប់គ្រងគណនីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ដោយបានផ្តល់សេវាផ្ទេរប្រាក់ទូលំទូលាយដល់ស្ថាប័នទាំងនោះនៅទូទាំងប្រទេស។ ធនាគារបន្តអនុវត្តអនុលោមបានទាំងស្រុងតាមគោលការណ៍គ្រប់គ្រងហានិភ័យផ្ទៃក្នុង តម្រូវការបទប្បញ្ញត្តិ និងកិច្ចព្រមព្រៀងជាមួយនឹងម្ចាស់បំណុលនានា ដើម្បីធានាបានទំនុកចិត្ត និងនិរន្តរភាពនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

យុទ្ធសាស្រ្ត​អាទិភាព​សម្រាប់​ឆ្នាំ២០២៥

ប្រជាធនាគារ ដែលលោកអ្នកជឿទុកចិត្ត!

ដើម្បីកំណត់គោលដៅរយៈពេលវែងជាមូលដ្ឋាន និងរៀបចំផែនការសកម្មភាព ព្រមទាំងបែងចែកធនធានដែលចាំបាច់ សម្រាប់ការអនុវត្តឱ្យសម្រេចគោលដៅទាំងនេះ និងសម្រាំងជ្រើសរើសសំណុំសកម្មភាពពាក់ព័ន្ធនានា ដើម្បីសម្រេចឱ្យបាននូវការបង្កើតតម្លៃចម្រុះដ៏វិសេសនានា ធនាគារបានរៀបចំ និងដាក់ចេញយុទ្ធសាស្រ្តដ៏សមស្របបំផុត ដែលពណ៌នាអំពីរបៀប ដែលធនាគារត្រូវអនុវត្ដ សំដៅសម្រេចឱ្យបានចក្ខុវិស័យ បេសកកម្ម ចំណុចដៅ គោលដៅ និងផែនការជំនួញរបស់ខ្លួន។ យុទ្ធសាស្ត្រទាំងនេះរួមមាន អាទិភាពសេវាធនាគារតាមទូរស័ព្ទ "អេស៊ីលីដា ស៊ូភើអេប" ឌីជីថលូបនីយកម្មធនធានមនុស្ស មូលនិធិ ការកសាងស្លាកសញ្ញាសហគមន៍អេស៊ីលីដា បច្ចេកវិទ្យាព័ត៌មានទំនើបបំផុត ភាពជាដៃគូយុទ្ធសាស្រ្ត បរិស្ថាន សង្គម និងអភិបាលកិច្ច និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ធនាគារមានគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទាំងមូល ប្រកបដោយនិរន្តរភាព។

បញ្ហាចម្បង​ក្នុង​ឆ្នាំ២០២៥

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដំបូងគេ បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (ផមក) ដោយអនុវត្តអនុលោមតាមបទប្បញ្ញត្តិនានា ជាពិសេសរបស់អាជ្ញាធរចម្បងចំនួន២៖ ធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ ទន្ទឹមនឹងនេះ ធនាគារក៏មានទំនួលខុសត្រូវចំពោះអតិថិជន និងវិនិយោគិនផងដែរ។ នៅក្នុងអំឡុងពេលជាងបីទសវត្សនៃប្រវត្តិរីកចម្រើនរបស់ខ្លួន ធនាគារទទួលបានជំនឿទុកចិត្តពីសាធារណជន តាមរយៈអភិបាលកិច្ចសាជីវកម្មល្អ គណៈគ្រប់គ្រងដែលមានបទពិសោធន៍ច្រើន និងយូរឆ្នាំ ព្រមទាំងប្រកាន់ខ្ជាប់វប្បធម៌តម្លាភាព។

ក្នុងបរិបទដែលមានការវិវត្តឥតឈប់ឈរ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងយុគសម័យធនាគារឌីជីថល (ធនាគារ៤,០) អេស៊ីលីដា ស៊ូភើអេប បានបំពាក់បច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត និងនៅរក្សាបន្តអភិវឌ្ឍបន្ថែមជាប្រចាំ ដើម្បីរក្សាឱ្យបានភាពឈានមុខ ភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងភាពទាន់សម័យគួរឱ្យទាក់ទាញ។

ទោះបីជាសេដ្ឋកិច្ចកម្ពុជានៅបន្ដជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ហានិភ័យភាពនៃភូមិសាស្រ្តនយោបាយកាន់តែតានតឹង ភាពចាំបាច់ក្នុងការពន្លឿនការកាត់បន្ថយឧស្ម័នកាបូនក្នុងសេដ្ឋកិច្ច ការកើនឡើងហានិភ័យទាក់ទងនឹងអាកាសធាតុ បរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័ស ក៏ដូចជាកំណើននៅមានកម្រិតទាប និងយឺតយ៉ាវ ក្នុងវិស័យអចលនទ្រព្យ និងសំណង់ ក៏ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានប្រមើល និងរំពឹងទុកថា នឹងនៅតែមានសុទិដ្ឋិនិយម និងភាពរឹងមាំ បើធៀបនឹងឆ្នាំមុន។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃសន្ដិភាព និងស្ថិរភាពនយោបាយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងពី៦,០% ក្នុងឆ្នាំ២០២៤ រហូតដល់ជាង៦,៣% ក្នុងឆ្នាំ២០២៥ ដែលបណ្តាលមកពីការកើនឡើងវិញ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងមិនមែនសម្លៀកបំពាក់ ព្រមទាំងការកើនឡើងបន្ថែមទៀត ក្នុងវិស័យទេសចរណ៍ និងសេវាកម្ម រួមទាំងវិស័យកសិកម្មដែលមានភាពធន់ និងការគ្រប់គ្រងអតិផរណាបានល្អ។

ផ្អែកលើការព្យាករ និងសេណារីយ៉ូសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៥នេះ ធនាគារមើលឃើញឱកាស ដើម្បីបន្ត និងពង្រឹងថែមទៀតនូវយុទ្ធសាស្រ្តជោគជ័យ ដែលមានស្រាប់របស់ខ្លួន ទន្ទឹមនឹងការបន្ដដាក់ចេញទិសដៅយុទ្ធសាស្ត្រថ្មីៗ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ ដើម្បីធានាបានកំណើន ជោគជ័យ និងវិបុលភាពរបស់ធនាគារ រួមគ្នាជាមួយនឹងអតិថិជន និងគ្រប់ភាគីពាក់ព័ន្ធរបស់យើង។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិក ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា សម្រាប់ការជឿទុកចិត្តជាប់ជានិច្ច ការជឿជាក់ ការគាំទ្រ និងការចូលរួមចំណែកដ៏មានសារៈសំខាន់ ព្រមទាំងការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ សាមគ្គីភាព និងសហថាមពល ក្នុងឆ្នាំ២០២៤ រួមជាមួយនឹងការជឿជាក់យ៉ាងមុតមាំ និងការរំពឹងថា ឆ្នាំ២០២៥ នឹងនាំមកនូវសិរីសួស្ដី និងវិបុលភាព។


បណ្ឌិត អ៊ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០២៥

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៥៥៤ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖