www.acledabank.com.kh

navigate_nextព័ត៌មាន​ហិរញ្ញវត្ថុnavigate_nextរបាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល

របាយការណ៍​ប្រធាន​ក្រុម​ប្រឹក្សាភិបាល

លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល
លោក ឆាយ សឿន ប្រធាន​ក្រុមប្រឹក្សាភិបាល

តាង​នាម​ឱ្យ​ធនាគារ អេស៊ីលីដា ​និង​​ក្រុម​ប្រឹក្សា​ភិបាល ខ្ញុំ​បាទ​មាន​កិត្តិយស និង​សេចក្តី​​សោមនស្ស បង្ហាញ​បង្ហាញ​ជូន របាយការណ៍​ប្រចាំ​ឆ្នាំ២០២៤ ​របស់​ធនាគារ។

សេដ្ឋកិច្ចពិភពលោកបង្ហាញពីកំណើនប្រកបដោយស្ថិរភាពនៅក្នុងឆ្នាំ២០២៤ ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន រួមមានភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត វិបត្តិនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន ការអូសបន្លាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះអ៊ីស្រាអែល-ហាម៉ាសនៅមជ្ឈិមបូព៌ា និងការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ច។ យោងតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចពិភពលោកត្រូវបានប៉ាន់ប្រមាណសម្រាប់ឆ្នាំ២០២៤ មានកំណើន ៣,២% ដែលរក្សាបានកំណើនប្រហាក់ប្រហែលនឹងអត្រា ៣,៣% ក្នុងឆ្នាំ២០២៣។ ស្របពេលជាមួយគ្នានេះដែរ អតិផរណាពិភពលោកបានធ្លាក់ចុះមកនៅត្រឹម ៥,៧% ក្នុងឆ្នាំ២០២៤ ពី ៦,៧% ក្នុងឆ្នាំ២០២៣។ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានកំណើនលើសពីការរំពឹងទុក ដោយកើនឡើង ២,៨% នៅឆ្នាំ២០២៤ ប្រហាក់ប្រហែលនឹងកំណើន ២,៩% ក្នុងឆ្នាំ២០២៣។ សេដ្ឋកិច្ចតំបន់អឺរ៉ូបានកើនឡើង ១% នៅឆ្នាំ២០២៤ ធៀបនឹង ០,៦% នៅឆ្នាំ២០២៣។ ចំណែកឯសេដ្ឋកិច្ចចិនបានកើនឡើង ៤,៨% ទាបជាងឆ្នាំ២០២៣ ដែលមានអត្រា ៥,២% និងនៅក្នុង២០២៤ សេដ្ឋកិច្ចជប៉ុនត្រូវបានប៉ាន់ប្រមាណថាមានកំណើនអវិជ្ជមាន -០,២% ដែលនៅក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចជប៉ុនមានកំណើន ១.៥% ខណៈពេលដែលសេដ្ឋកិច្ចអាស៊ានមានស្ថានភាពល្អប្រសើរជាមួយនឹងអត្រាកំណើន ៤,៦% ក្នុងឆ្នាំ២០២៤ ធៀបនឹង ៤,១% ក្នុងឆ្នាំ២០២៣។

សេដ្ឋកិច្ចកម្ពុជា រក្សាបានកំណើនរឹងមាំ ខណៈពេលសេដ្ឋកិច្ចសកលលោកជួបប្រទះនឹងបញ្ហាប្រឈម ដោយត្រូវបានប៉ាន់ប្រមាណថាមានកំណើនក្នុងអត្រា ៦% ក្នុងឆ្នាំ២០២៤ កើនឡើងពី ៥% នៅឆ្នាំ២០២៣ យោងតាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កំណើននេះត្រូវបានជំរុញដោយតម្រូវការប្រើប្រាស់ក្នុងស្រុក ទីផ្សារការងារ ស្ថិរភាពអតិផរណា និងអត្រាប្តូរប្រាក់ ការងើបឡើងវិញយ៉ាងរឹងមាំក្នុងវិស័យសេវាកម្ម ដែលគាំទ្រដោយវិស័យទេសចរណ៍ លំហូរវិនិយោគថ្មី និងការនាំចេញសម្លៀកបំពាក់ និងផលិតផលមិនមែនកាត់ដេរ ព្រមទាំងការនាំចេញកសិផល។ ទោះជាយ៉ាងនេះក្តី វិស័យអចលនទ្រព្យ និងសំណង់ នៅតែបន្តមានកំណើនទន់ខ្សោយ។

នៅក្នុងឆ្នាំ២០២៤ ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានស្ថិរភាព និងស្ថិតនៅលើគន្លងនៃកំណើនល្អ ប្រកបដោយវឌ្ឍនភាព គាំទ្រដោយទុនបម្រុងដ៏រឹងមាំ សន្ទនីយភាពខ្ពស់ និងគោលនយោបាយប្រុងប្រយ័ត្នមួយចំនួន ដែលរៀបចំដោយធនាគារជាតិ នៃ កម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះជួបប្រទះនឹងបញ្ហាប្រឈមបន្តិចបន្តួច រួមមាន ការកើនឡើងនៃឥណទានមិនដំណើរការ ការចំណាយខ្ពស់លើមូលនិធិថ្លៃដើមសម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងកំណើនឥណទានយឺតជាងការរំពឹងទុក។

ក្នុងកំលុងឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា បានក្លាយជាធនាគារខ្មែរតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់ធនាគារដែលមានសុវត្ថិភាពបំផុត នៅលើពិភពលោក ប្រចាំឆ្នាំ២០២៤ ពីទស្សនាវដ្ដី Global Finance។ ទស្សនាវដ្ដី Global Finance អះអាងថា ការផ្ដល់ពានរង្វាន់នេះ គឺឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់លើចំណាត់ថ្នាក់រូបិយវត្ថុអន្តរជាតិរយៈពេលវែង (long-term foreign currency ratings) ឬចំណាត់ថ្នាក់បំណុល ដែលត្រូវបានចាត់ចំណាត់ថ្នាក់ ដោយស្ថាប័នវាយតម្លៃហិរញ្ញវត្ថុ Fitch, Moody's និង Standard & Poor's នៅក្នុងចំណោមធនាគារធំបំផុតទាំង ៥០០ នៅទូទាំងសកលលោក។ ស្របពេលជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ក៏ជាធនាគារខ្មែរតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលជាប់ជាធនាគារកំពូលទាំង ១០០០ ទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ ដោយទស្សនាវដ្តី The Banker។ បន្ថែមពីនេះ ធនាគារ អេស៊ីលីដា បានទទួលរបាយការណ៍វាយតម្លៃពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor's (S&P) Global Ratings ដោយរក្សាបានចំណាត់ថ្នាក់ "B+/Stable/B" ដដែល។ ការរក្សាបានចំណាត់ថ្នាក់នេះ សបញ្ជាក់អំពីភាពរឹងមាំ និងការរក្សាបានស្ថិរភាពប្រវត្តិហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលវែង ជាមួយនឹងទ្រនាប់ដើមទុនគ្រប់គ្រាន់ និងការរក្សាបានស្ថិរភាពដើមទុនរបស់ខ្លួន សម្រាប់ឆ្លើយតបគ្រប់ស្ថានភាពសេដ្ឋកិច្ច។ លើសពីនេះ ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយស្ថាប័នរដ្ឋ និងឯកជនដើម្បីពង្រីកវិសាលភាព និងសម្រួលដល់ការទូទាត់ទំនិញ និងសេវាកម្មក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។

បន្ថែមពីនេះទៀត ធនាគារ អេស៊ីលីដា បានបន្តធ្វើឱ្យប្រសើរឡើងនូវមុខងារស្វ័យប្រតិបត្តិការជាច្រើនលើ អេស៊ីលីដាម៉ូបាល ឃ្យូអរកូដ ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត ស្របតាមតម្រូវការរបស់អតិថិជនព្រមទាំងវិវឌ្ឍនាការបច្ចេកវិទ្យាឌីជីថលឱ្យក្លាយជា អេស៊ី ស៊ូភើអេប។ ទន្ទឹមនឹងនេះ ធនាគារបានពង្រីកសេវាកម្មធនាគារស្វ័យប្រវត្តិចំនួននៅ២០៦ទីតាំង (៦៣ទីតាំងរាជធានីភ្នំពេញ និង១៤៣ទីតាំងនៅតាមបណ្តាខេត្ត) បន្ថែមលើសាខាធនាគារទាំង២៦៥សាខា ព្រមទាំងបានបំពាក់ម៉ាស៊ីនអេធីអឹមចំនួន១.៤៨៦គ្រឿង ម៉ាស៊ីនឆូតកាតចំនួន៥.៥៥៣គ្រឿង និងឃ្យូអរកូដតាមសំណើសុំរបស់អតិថិជន សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់នៅតាមបណ្តាផ្សារ ហាងទំនិញ សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ទីភ្នាក់ងារទេសចរណ៍ ស្ថានីយប្រេងឥន្ធនៈ និងអាជីវកម្មនានា នៅទូទាំងប្រទេស និងការទូទាត់ឆ្លងប្រទេស (QR Cross Border Payment) ជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ដំណាច់ខែធ្នូ ឆ្នាំ២០២៤នេះ ធនាគារ មានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលចំនួនច្រើនជាង ៤,២២លាននាក់ ជាពិសេសក្នុងនោះ មានដៃគូអាជីវកម្មសរុបជាង ០,៤៩លាននាក់។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ប្រាក់បញ្ញើសរុបបានកើនឡើងចំនួន១.១៣១,២៤លានដុល្លារអាមេរិក សមតុល្យឥណទានសរុបបានកើនឡើងចំនួន៤៦១,៧១លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២៣។ បើធៀបលទ្ធផលប្រចាំឆ្នាំ២០២៤ ទៅនឹងលទ្ធផលឆ្នាំ២០២៣ សម័្ពន្ធធនាគារទទួលបានប្រាក់ចំណេញចំនួន១២១,១៩លានដុល្លារអាមេរិក ថយចុះ១៨,១៤% ស្មើនឹង ២៦,៨៦លានដុល្លារអាមេរិក។

យើងខ្ញុំសូមថ្លែងអំណរគុណ និងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាគហ៊ុនិក អតិថិជន និយោជិត និងជាពិសេសអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលតែងតែផ្តល់ការគាំទ្រចំពោះធនាគារដើម្បីទទួលបាននូវលទ្ធផលសម្រេចស្របតាមផែនការជាពិសេសក្នុងឆ្នាំ២០២៤។


លោក ឆាយ សឿន
ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៥៥៣ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖