navigate_nextព័ត៌មានnavigate_nextព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងសកលnavigate_nextPPSEZ នឹងប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការចំណាយ
PPSEZ នឹងប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការចំណាយ
ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ម៉ោង ១២:០០ | ប្រភព ៖ កោះសន្តិភាព
រាជធានីភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) និងក្រុមហ៊ុន Cleantech Solar Corporation បានចុះហត្ថលេខាលើភាពជាដៃគូក្នុងការបង្កើនការចម្រាញ់ថាមពលស្អាតនៃឧស្សាហកម្ម ដើម្បីកាត់បន្ថយការចំណាយថាមពលក្នុងសង្វាក់ឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចពិសេសមួយនេះ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
លោក Stephen Evans តំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងលោក Arnaud Ayral នាយកអភិវឌ្ឍន៍អាជីវកម្មប្រចាំតំបន់នៃសាជីវកម្មក្រុមហ៊ុន Cleantech Solar Corporation បានព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃកិច្ចសន្យារៀបចំប្រព័ន្ធស្រូបថាមពលព្រះអាទិត្យថ្មីមួយ ដែលនឹងដាក់ឱ្យដំណើរការនៅចុងខែមេសា ឆ្នាំ២០១៦ នេះ។
លោក Stephen Evans បានមានប្រសាសន៍ថា៖ "តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានប្តេជ្ញាចិត្តធ្វើជាក្រុមហ៊ុនមានទំនួលខុសត្រូវក្នុងសង្គម ហើយតែងស្វែងរកវិធីដើម្បីជួយសន្សំសំចៃថវិការបស់អតិថិជន។ ជាលទ្ធផល បានរកឃើញលទ្ធភាពនៃការដំឡើងផ្ទាំងកញ្ចក់ស្រូបថាមពលពន្លឺព្រះអាទិត្យនៅតំបន់ធម្មជាតិ ហើយនឹងដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងនេះ។ ក្រុមហ៊ុនសូឡា Cleantech គឺផ្តល់ជូនកញ្ចប់ស្រូបពន្លឺព្រះអាទិត្យល្អបំផុត ដែលមានទាំងបច្ចេកវិទ្យា តម្លៃសមរម្យ ការដឹកជញ្ជូន និងសេវាកម្មក្រោយការដំឡើង។ យើងរំពឹងថា ក្រុមហ៊ុននេះនឹងក្លាយជាដៃគូដ៏ល្អសម្រាប់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរបស់យើង"។
ចំណែកលោក Arnaud Ayral នាយកអភិវឌ្ឍន៍អាជីវកម្មប្រចាំតំបន់នៃសាជីវកម្មក្រុមហ៊ុន Cleantech Solar Corporation ឱ្យដឹងដែរថា៖ "តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងធ្វើប្រតិបត្តិការប្រព័ន្ធនេះ ព្រមទាំងបង្កើតអគ្គិសនីដោយខ្លួនឯង។ យើងបានជួលសម្ភារបរិក្ខារឱ្យអតិថិជនរបស់យើង និងធ្វើឱ្យប្រាកដថា វាត្រូវបានរចនា និងដំឡើងយ៉ាងត្រឹមត្រូវ ហើយយើងនឹងផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេសសម្រាប់អតិថិជនរបស់យើង ដោយមិនចាំបាច់បារម្ភពីហានិភ័យ"។
គួរបញ្ជាក់ថា ក្រុមហ៊ុនសូឡា Cleantech គឺជាសហគ្រាសសិង្ហបុរី ដែលមានប្រតិបត្ដិការនៅប្រទេសចំនួន៦ក្នុងតំបន់អាស៊ី។ ក្រុមហ៊ុនបានផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ ជាពិសេស សម្រាប់អតិថិជនផ្នែកឧស្សាហកម្ម។
លោក Arnaud Ayral បញ្ជាក់ថា៖ "តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានគិតទុកជាមុន ដោយការជ្រើសរើសដំឡើងថាមពលពន្លឺព្រះអាទិត្យ និងមានការចាប់ អារម្មណ៍ជាច្រើននៅលើទីផ្សារ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះដែលសម្រេចចិត្តដំឡើង។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានរៀបចំខ្លួននៅលំដាប់ជួរមុខសម្រាប់អាជីវកម្មរបស់ពួកគេ ព្រមទាំងសម្រាប់សហគមន៍ និងបរិស្ថាន ដែលនេះគឺជាជំហានដ៏សំខាន់"៕

ENGLISH