navigate_nextព័ត៌មានnavigate_nextព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងសកលnavigate_nextកម្ពុជាគ្រោងទិញភាគហ៊ុនចំនួន ៦២៣ហ៊ុន ពីធនាគារ AIIB
កម្ពុជាគ្រោងទិញភាគហ៊ុនចំនួន ៦២៣ហ៊ុន ពីធនាគារ AIIB
ថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៥ | ប្រភព ៖ កោះសន្តិភាព
រាជធានីភ្នំពេញ៖ បន្ទាប់ពីរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើ កិច្ចព្រមព្រៀងនៃការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) រួចមក កម្ពុជាគ្រោងនឹងទិញភាគហ៊ុនចំនួន៦២៣ហ៊ុន ស្មើនឹង០,០៦៣៥%នៃដើមទុនសរុប ដែលមានតម្លៃ៦២,៣០លានដុល្លារអាមេរិក។ នេះបើតាមការអះអាងរបស់លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលកាលពីដើមសប្ដាហ៍នេះនៅឯវិមានរដ្ឋសភា។
ក្នុងកិច្ចពិភាក្សារនេះ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងយ៉ាងដូច្នេះថា៖ "រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជាក្នុងរយៈពេលមធ្យម និងវែង នូវប្រភពហិរញ្ញប្បទានថ្មីពីប្រភពដៃគូអភិវឌ្ឍន៍នានា។ ផ្នែកធនាគារដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យបង្កើតផលិតភាពសេដ្ឋកិច្ចដែលឆ្លើយតបទាំងស្រុងចំពោះ តម្រូវការជាអាទិភាព ក្នុងបរិការណ៍នៃការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមកម្ពុជា"។
លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍បន្តថា៖ "ដោយមើលឃើញពីសារសំខាន់នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB (Asian Infrastructure Investment Bank) ចំពោះកម្ពុជា រាជរដ្ឋាភិបាលនឹងសម្រេចដាក់ទុនក្នុងកម្រិតប្រហាក់ប្រហែលនឹងទុនដែលបានដាក់ក្នុងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី ឱ្យសំឡេងកម្ពុជាមានទម្ងន់គ្រប់គ្រាន់សម្រាប់ការពារផលប្រយោជន៍របស់ខ្លួនឱ្យបានជាអតិបរមាក្នុងធនាគារ AIIB"។
"តាមកិច្ចព្រមព្រៀ nnjmង កម្ពុជាត្រូវបង់ដើមទុនដំបូង១២,៤៦លានដុល្លារអាមេរិក ជា១០ដំណាក់កាលក្នុងរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដែលក្នុង១ឆ្នាំត្រូវបង់ចំនួន ១.២៤៦.០០០ដុល្លារអាមេរិក"។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី។
លោកបន្ដថា៖ "កិច្ចព្រមព្រៀងនេះមាន១១ជំពូក ចែកចេញជា៦០មាត្រា។ បន្ទាប់ពីការពិភាក្សាគ្នារួចមក គណៈកម្មការជំនាញនៃរដ្ឋសភា ក៏បានឯកភាពជាមួយតំណាងរាជរដ្ឋាភិបាល ដោយរក្សាទុកខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះនៅដដែល"។
ចំណែកលោកបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានមានប្រសាសន៍ដែរថា៖ "នឹងបញ្ជូនសេចក្ដីព្រាងច្បាប់នេះ ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ធ្វើការពិភាក្សា និងអនុម័តនាពេលខាងមុខ"។
យោងតាមផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ឆ្នាំ២០១៤-២០១៨ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដូចជា គម្រោងទឹកស្អាត និងអនាម័យជនបទជាដើម រាជរដ្ឋាភិបាលកម្ពុជានឹងត្រូវការថវិកាចំនួន១,៦ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក ថាមពល អគ្គិសនី សេវាប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងមួយឆ្នាំចំនួន១,៣ពាន់លានដុល្លារ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា៖ "ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ជាជម្រើសថ្មីមួយទៀតដល់បណ្តាប្រទេសទាំងឡាយ ជាពិសេសប្រទេសក្រីក្រក្នុងការស្វែងរកជំនួយបន្ថែមដើម្បីអភិវឌ្ឍ ប្រទេសខ្លួន"។
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី គឺជាធនាគារមួយដែលបង្កើតឡើងដោយប្រទេសមហាអំណាចធំៗចំនួន៥គឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ធនាគារនេះ គឺជារបត់ថ្មីមួយសម្រាប់បណ្តាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី ដែលត្រូវការប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដើម្បី សាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ បង្កើន និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ពួកគេ។ ប្រទេសកម្ពុជាបានចូលជាសមាជិកនៅខែតុលា ឆ្នាំ២០១៤ ដែលបានចុះហត្ថលេខានៅទីក្រុងប៉េកាំង។
បច្ចុប្បន្ន ធនាគារនេះមានសមាជិកចំនួន៥៧ប្រទេស ក្នុងនោះតំបន់អាស៊ីមានចំនួន៣៧ប្រទេស ហើយមានដើមទុន៥០ពាន់លានដុល្លារ និងការរួមវិភាគទានរបស់ប្រទេសនីមួយៗចំនួន១០ពាន់លានដុល្លារ ខណៈទុនបម្រុងនឹងមានចំនួន១០០ពាន់លានដុល្លារ។ ក្នុងចំណោមមូលនិធិនេះ ប្រទេសចិននឹងធ្វើវិភាគទានធំជាងគេចំនួន៤១ពាន់លានដុល្លារ បន្ទាប់មកចំនួន១៨ពាន់លានដុល្លារបានមកពីប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី ហើយទឹកប្រាក់ចំនួន៥ពាន់លានដុល្លារបានមកពីប្រទេសអាហ្វ្រិក ខាងត្បូង។
ធនាគារនេះ មិនគ្រាន់តែជាការផ្តួចផ្តើមរបស់ប្រទេសចិនដើម្បីផ្តល់មូលនិធិដល់ គម្រោងហេដ្ឋារចនាសម្ព័ន្ធជួយបង្កើនឥទ្ធិពលរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធផ្លូវ "Silk Road" ចំនួន៤០ពាន់លានដុល្លារ ដែលនឹងសាងសង់ផ្លូវថ្នល់ និងស្ពានជាច្រើន ព្រមទាំងដឹកនាំធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលមានមូលនិធិចំនួន៥០ពាន់លានដុល្លារ និងជាធនាគារអភិវឌ្ឍមួយទៀតផងដែរ៕

ENGLISH