navigate_nextព័ត៌មានnavigate_nextព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងសកលnavigate_nextPPWSA រំពឹងថានឹងបង្កើនចំណូលពីការពង្រីកការផ្គត់ផ្គង់
PPWSA រំពឹងថានឹងបង្កើនចំណូលពីការពង្រីកការផ្គត់ផ្គង់
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ | ប្រភព ៖ ឌឹភ្នំពេញប៉ុស្ត៍
ភ្នំពេញៈ ក្រុមហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាបានដាក់ដំណើរការរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហ៊ានទី ២ កាលពីថ្ងៃម្សិលមិញ ដែលអ្នកនៅក្នុងឧស្សាហកម្មនេះមើលឃើញថា ជាឱកាសក្នុងការបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុនរដ្ឋមួយនេះ។
រោងចក្រទឹកស្អាតទីពីរនេះមានសមត្ថភាពផលិតទឹក ១៣ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃដែលនឹងជំរុញឲ្យសមត្ថភាពផលិតទឹកស្អាត សរុបមានរហូតដល់៥៦ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។
PPWSA គឺជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋដំបូងគេដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ហើយអ្នកជំនាញនៅក្នុងវិស័យនេះបានឲ្យដឹងថា ការពង្រីកអាជីវកម្មទឹកស្អាតរបស់ក្រុមហ៊ុន នឹងបង្កើនសមត្ថភាពរកចំណូលរបស់ក្រុមហ៊ុន។
ទោះបីជាការសម្ពោធរោងចក្រថ្មីនេះមិនមានឥទ្ធិពលភ្លាមៗដល់តម្លៃភាគហ៊ុន ដែលកំពុងជួញដូរក៏ដោយ លោក ស្វាយ ហៃ អគ្គនាយកក្រុមហ៊ុនមូលបត្រអេស៊ីលីដា បានឲ្យដឹងថា ការដាក់ឲ្យដំណើរការកត្តាផលិតកម្មបន្ថែមរបស់ PPWSA នឹងជាប្រភពបង្កើនប្រាក់ចំណូលរបស់ក្រុមហ៊ុន ដែលកត្តានេះអាចជួយទាក់ទាញទំនុកចិត្តវិនិយោគិនជា ពិសេសវិនិយោគិនរយៈពេលវែងដែលទិញភាគហ៊ុនដើម្បីទទួលបានភាគលាភ។
របាយការណ៍ប្រចាំឆ្នាំរបស់ PPWSA បង្ហាញថា ប្រាក់ចំណេញសុទ្ធ កាលពីឆ្នាំ ២០១៦ មានចំនួន ១២,៣ លានដុល្លារ ធ្លាក់ចុះ ១៣% ធៀបនឹងឆ្នាំ ២០១៥ ខណៈប្រាក់ចំណូលសរុបកាលពីឆ្នាំមុនបានកើនឡើងត្រឹមតែ ៣,៥%ប៉ុណ្ណោះពីឆ្នាំ ២០១៥។
រោងចក្រនេះមានទីតាំងនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយចំណាយទឹកប្រាក់ជាង ៦០លានដុល្លារ ក្នុងនោះ ជាង៣៦លានដុល្លារ គឺជាកម្ចីបានមកពីទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង ( AFD)។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រនេះ កាលពីម្សិលមិញ បានឲ្យដឹងថា PPWSA គួរតែបង្កើនការផ្គត់ផ្គង់ទឹកនៅតាមតំបន់ផ្សេងៗទៀតនៅក្នុងសង្កាត់ មួយចំនួននៅទីក្រុង ភ្នំពេញ ជាពិសេស សង្កាត់ ដែលទើបបានដាក់បញ្ចូលក្រោមរដ្ឋបាលរាជធានីភ្នំពេញ ដែលសង្កាត់ថ្មីទាំងនោះនៅបន្តប្រើប្រាស់ទឹករបស់ក្រុមហ៊ុនឯកជន។
លោកថ្លែងថា៖ «កិច្ចការដែលត្រូវធ្វើ សូមឲ្យរដ្ឋាករទឹកក្រុងភ្នំពេញទិញយកនូវបណ្តាញទឹកដែលវិស័យឯកជន បានវិនិយោគនៅបណ្តាឃុំ ដែលមុននេះជាឃុំនៅក្នុងខេត្តកណ្តាលឥឡូវបានកាត់ចូលមកទីក្រុងភ្នំពេញ»។
តម្លៃភាគហ៊ុនចុងក្រោយរបស់ PPWSA នៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញគឺ ៣៩៦០រៀល ក្នុងមួយភាគហ៊ុន ដោយមានការជួញដូរ ៧៧៥ ហ៊ុន។
លោក ល្មុន សូឡី ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៅផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា ព័ត៌មានពីការដាក់ឲ្យប្រើប្រាស់នេះមិនបានផ្លាស់ប្តូរតម្លៃ ភាគហ៊ុនរបស់ PPSWA នោះទេ ដោយសារតែក្រុមវិនិយោគិនមិនភ្ញាក់ផ្អើល ខណៈពួកគេបានតាមដានអាជីវកម្ម និងគម្រោងរបស់ PPWSA ហើយក្រុមហ៊ុននេះបានជូនដំណឹងជាសាធារណៈអំពីការពង្រីកនេះចាប់តាំង ពីពីរទៅបីឆ្នាំមុនម្ល៉េះ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកឲ្យដឹងថា ការពង្រីកផលិតកម្ម បង្ហាញពីសញ្ញាវិជ្ជមានសម្រាប់វិនិយោគិនដោយសារវាបង្ហាញថាអាជីវកម្ម របស់ក្រុមហ៊ុននេះនឹងកើនឡើង។
លោកថ្លែងថា៖ «តាមរយៈការពង្រីកទីក្រុងភ្នំពេញជាបន្តបន្ទាប់នៅរយៈពេលជាច្រើន ឆ្នាំនេះ PPWSA នឹងត្រូវ ពង្រីកសកម្មភាពរបស់ខ្លួនទៀតដើម្បីមានប្រតិបត្តិការលើតំបន់ថ្មីៗ ទាំងនោះ»។
លោកបានបន្តថា៖ «ដូច្នេះ ទំហំអាជីវកម្មរបស់ក្រុមហ៊ុននឹងកាន់តែធំ»៕

ENGLISH