»  ព័ត៌មាន  »  ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល  »  ម្ចាស់​ភាគហ៊ុន​អេស៊ីលីដា​ប្រកាស​គម្រោង​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន

ម្ចាស់​ភាគហ៊ុន​អេស៊ីលីដា​ប្រកាស​គម្រោង​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨  |  ប្រភព ៖ ឌឹ​ភ្នំពេញ​ប៉ុស្ត៍


ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​មុខ​ធនាគារ​អេស៊ីលីដា ភ្នំពេញ

ភ្នំពេញ& ៖ ក្រុមហ៊ុន ASA ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​នៅក្នុង​ធនាគារ​អេស៊ីលីដា បាន​បង្ហាញ​ពី​គម្រោង​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា (CSX) ដែល​វា​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដំបូង​ក្នុង​ការ​ឡើង​ផ្សារហ៊ុន​កម្ពុជា ។

ក្រុមហ៊ុន ASA ដែល​បច្ចុប្បន្ន​កាន់កាប់​ភាគហ៊ុន ២៥ ភាគរយ​នៅក្នុង​ធនាគារ​អេស៊ីលីដា ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០០ ដែល​មាន​ភាគហ៊ុនិក​ភាគច្រើន​ជា​បុគ្គលិក និង​និយោជិត​របស់​ធនាគារ អេស៊ីលីដា ។ ភាគហ៊ុនិក​សរុប​នៅ​ពេល​នេះ​មាន​ជាង​ ១ ​ម៉ឺន​នាក់ ។

នៅក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ASA បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​រៀបចំ​នីតិវិធី និង​លក្ខខណ្ឌ​តម្រូវ​តាម​បទប្បញ្ញត្តិ ដើម្បី​ស្នើសុំ​ការអនុញ្ញាត​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) និង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ។

លោក សួស ឧសភា សមាជិក​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ASA បាន​លើកឡើង​ថា​ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​បាន ច្រើន​ទាក់ទង​នឹង​ឯកសារ​ផ្លូវច្បាប់​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលបត្រ​កម្ពុជា ហើយ​រំពឹង​ថា​ដំណើរការ​ចុះ​បញ្ជី​នៅ CSX នឹង​អាច​បញ្ចប់​ក្នុង​រយៈពេល​ដ៏ខ្លី​ខាង​មុខ​នេះ​ ។

លោក​ថ្លែង​ថា ៖ "យើង​ជឿជាក់​ថា ការចុះ​បញ្ជី​ជា​ផ្លូវការ​ដើម្បី​ជួញដូរ​ភាគហ៊ុន​របស់​យើង​នៅលើ​ផ្សារហ៊ុន​នឹង​សម្រេច​បាន​នៅក្នុង​ឆ្នាំ​នេះ" ​។ លោក​បន្ត​ថា ពាណិជ្ជកម្ម​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​រីកចម្រើន​ប្រកប​ដោយ​ស្ថិរភាព ដែល​កត្តា​នេះ​ជា​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ទាក់ទាញ​ដល់​វិនិយោគិន​ក្នុង​ការ​ងាក​មក​ចាប់​អារម្មណ៍​ទិញដូរ​ភាគហ៊ុន ASA នៅក្នុង​ផ្សារហ៊ុន​កម្ពុជា ។

លោក​បញ្ជាក់​ថា ​៖ "យើង​ជឿជាក់​ថា​យើង​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណជន​ដែល​នឹង​ជួយ​ឲ្យ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កាន់តែ​ខ្លាំង​ឡើង" ។

គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៧ ទ្រព្យសកម្ម​ធនាគារ​អេស៊ីលីដា​តំណាង​ ២០ ​ភាគរយ​នៃ​ទ្រព្យសកម្ម​ក្នុង​វិស័យ​ធនាគារ​សរុប​នៅ​កម្ពុជា ។ កាលពី​ឆ្នាំ​ ២០១៧ ធនាគារ​អេស៊ីលីដា​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ ៩២,៥ លាន​ដុល្លារ គឺ​ធ្លាក់​ចុះ​ពី ១២៧,៣ លាន​ដុល្លារ​ពី​ឆ្នាំ​ ២០១៦​ ។

លោក ឧសភា ថ្លែង​ថា​ក្រុមហ៊ុន​មិន​ទាន់​អាច​បង្ហាញ​តម្លៃ​ក្នុង​មួយ​ភាគហ៊ុន នៅពេល​វា​ត្រូវ​ចុះ​បញ្ជី​នាពេល​នេះ​នៅ​ឡើយ​ទេ​ដោយ​លើក​ឡើង​ថា ថា្នក់​គ្រប់គ្រង​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​ធានា​ទិញ​មូលបត្រ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​កំណត់​តម្លៃ ។

យោង​តាម​របាយការណ៍​អំពី​ភាគទុនិក​របស់​ធនាគារ​អេស៊ីលីដា គិត​មក​ត្រឹម​ថ្ងៃទី​ ៨ ខែ​សីហា ឆ្នាំ​ ២០១៧ ក្រុមហ៊ុន ASA Plc ជា​ភាគ​ទុនិក​ឈាន​មុខ​គេ​ទី​ ២ នៅ​ក្នុង​ធនាគារ​នេះ បន្ទាប់ពី ACLEDA Financial Trust ដែល​គ្រប់គ្រង​ភាគហ៊ុន ២៦ ​ភាគរយ ។

ត្រឹម​ពេល​ដដែល​នោះ ASA Plc មាន​ភាគហ៊ុន​សរុប ៨៩- ៦៣៦ ២៤៦ ភាគហ៊ុន ជាមួយ​ទឹកប្រាក់​សរុប​ជាង ៨៩,៦ ​លាន​ដុល្លារ ។

លោក ព្រំ វិសុទ្ធ អគ្គនាយក​ក្រុមហ៊ុន ACLEDA Securities Plc បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដំណើរការ​របស់ ASA ក្នុង​ការ​ចុះ​បញ្ជី​ភាគហ៊ុន​របស់​ខ្លួន​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​គួរ​តែ​ត្រូវការ​ពេលវេលា​ខ្លី ដោយសារ​ភាគហ៊ុន​ត្រូវ​បាន​ជួញដូរ​ផ្ទៃក្នុង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ។

លោក​បន្ថែម​ថា​ ​ភាគហ៊ុន​របស់​ក្រុមហ៊ុន ASA អាច​រំលង​ជំហាន IPO និង​ចុះបញ្ជី​ដោយ​ផ្ទាល់​សម្រាប់​ការជួញដូរ​នៅ CSX បន្ទាប់ពី​ទទួល​បាន​ការយល់ព្រម​ពី​និយតករ ។

លោក​បន្ថែម​ថា​ក្រុមហ៊ុន ACLEDA Securities ដែល​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​នឹង​ជួយ​ដល់​ការបើក​គណនី​ជួញដូរ​ដល់​ភាគហ៊ុន​ទាំងអស់​ជាង ១០ ០០០ ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន ASA ដើម្បី​បើក​គណនី​ជួញដូរ​នៅ CSX ​។ ចំនួន​នេះ​នឹង​ធ្វើឲ្យ​គណនី ជួញដូរ​នៅ CSX កើនឡើង​ ២ ​ដង​ពី​គណនី​ជិត ១០ ០០០ គណនី​នៅ​ពេល​បច្ចុប្បន្ន​ដល់​ជាង ២០ ០០០ គណនី ។

ប្រសិន​បើ​ភាគហ៊ុន​របស់​អេស៊ីលីដា ត្រូវ​ចុះ​បញ្ជី​ជួញដូរ​ក្នុង​ផ្សារហ៊ុន​នៅ​ចុង​ឆ្នាំ​នេះ CSX នឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​បន្ថែម​ ២ ​ទៀត ខណៈ​ក្រុមហ៊ុន Pestech Cambodia កាលពី​ខែ​មិថុនា​បាន​ទទួល​ការ​អនុញ្ញាត​បោះ​ផ្សាយ​ពី SECC និង​ការអនុញ្ញាត​លើ​លទ្ធភាព​ចុះបញ្ជី​ពី CSX រួចរាល់​ហើយ ។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ ៥ កំពុង​ជួញដូរ​ក្នុង​ផ្សារហ៊ុន​កម្ពុជា ។

លោក ល្មុន សូឡី ប្រធាន​នាយកដ្ឋាន​ចុះ​បញ្ជី និង​ផ្តល់​ព័ត៌មាន​នៃ​ក្រុមហ៊ុន CSX រំពឹង​ថា​វត្តមាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​ចុះ​បញ្ជី ជាពិសេស​វត្តមាន​ធនាគារ​ធំ​ជាង​គេ​នៅ​កម្ពុជា​ដូចជា អេស៊ីលីដា​នេះ​នឹង​រួម​ចំណែក​ធ្វើឲ្យ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កាន់តែ​កើនឡើង​ជាង​បច្ចុប្បន្ន ។

លោក​ថ្លែង​ថា ៖ "ការចុះ​បញ្ជី​ជួញដូរ​ហ៊ុន​របស់​អេស៊ីលីដា​នឹង​អាច​ទាញ​ចំណាប់​អារម្មណ៍​ប្រជាជន​ឲ្យ​ចង់ដឹង ចង់​ឮ ចង់​ទិញ​ភាគហ៊ុន​នៅ​លើ​ផ្សារហ៊ុន ដោយសារ​ប្រជាជន​ភាគច្រើន​នឹង​ជឿជាក់​ថា អេស៊ីលីដា នឹង​បន្ត​រីកចម្រើន និង​បន្ត​ការចំណេញ" ៕


« ព័ត៌មាន​សេដ្ឋកិច្ច​កម្ពុជា និង​សកល
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ១៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៤១៣    ចំនួនអ្នកទស្សនាពីម្សិល : ៩៥៥