អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

 »  ក្រុមហ៊ុន​ចុះ​បញ្ជី  »  ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ​កម្មសិទ្ធិ  »  រទសភ  »  របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ២០១៤ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ.)

របាយការណ៍​ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ២០១៤ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ (រ.ទ.ស.ភ.)

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤

រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ

  • លេខ​កូដ​ស្តង់ដារ ៖ KH1000010004
  • និមិត្ត​សញ្ញា ៖ រទសភ

សេចក្តី​លម្អិត

ក្នុង​ត្រីមាស​ទី១ ឆ្នំា២០១៤ រ.ទ.ស.ភ. មាន​ចំណូល​សរុប​ចំនួន ៣៤.២៥៧.៧៣៣.០០០ រៀល ថយ​ចុះ​ជាង​ត្រីមាស​ទី១ ឆ្នំា២០១៣ ចំនួន ១៤,១៤% និង​ចំណេញ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ៥.៣៤៨.៨៣៨.០០០ រៀល ថយ​ចុះ​ជាង​ត្រីមាស​ទី១ ឆ្នំា២០១៣ ចំនួន ៦២,៥១% ។ នៅ​ចុង​ការិយបរិច្ឆេទ​នេះ​ដែរ ទ្រព្យ​សកម្ម​សរុប​បាន​កើន​ឡើង​រហូត​ដល់ ១.១១០.៥៤៦.១៣០.០០០ រៀល និង​មូលធន​សរុប​មាន​ចំនួន ៦៩៥.៧៦៩.៥៥៥.០០០ រៀល ។

សូចនករ​សំខាន់ៗ​ប្រចំា​ត្រីមាស​ទី១ ឆ្នាំ២០១៤ មាន​ដូច​ខាង​ក្រោម ៖

  1. ចំណេញ​ក្នុង​មួយ​ភាគហ៊ុន​ជា​មូលដ្ឋាន ៦១,៥០ រៀល
  2. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​មូលធន ០,៧៧%
  3. ផល​ចំណេញ​ក្នុង​មួយ​ឯកតា​ទ្រព្យ​សកម្ម ០,៤៨%
  4. អនុបាត​ចរន្ត ៤,៧២ ដង
  5. អនុបាត​ចរន្ត​លឿន ៤,០៩ ដង
  6. អនុបាត​ជុំ​បង្វិល​ទ្រព្យសកម្ម ០,០៣ ដង
  7. ថ្លៃ​ដើម​មធ្យម ៩៤៤,៤៣ រៀល/ម៣
  8. ថ្លៃ​លក់​ទឹក​មធ្យម ៩៨១,១១ រៀល/ម៣
  9. សន្ទស្សន៍​និយោជិត​ធៀប​អតិថិជន (នាក់/១០០០ អតិថិជន) ២,៨៣

ក្នុង​ត្រីមាស​បន្ទាប់ រ.ទ.ស.ភ. សង្ឃឹម​ថា​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​មិន​តិច​ជាង ៩.៧៤៩ លាន​រៀល ដែល​ក្រុមប្រឹក្សាភិបាល​និង​ក្រសួង​អាណាព្យាបាល​បាន​អនុម័ត ។

មូលហេតុ​នៃ​ការ​ថយ​ចុះ​នៃ​ចំណូល និង​ចំណេញ​សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០១៤ ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ២០១៣ ដូច​ខាង​ក្រោម ៖

  1. ការ​ថយចុះ​ចំណូល​លក់​ទឹក
    • កត្តា​អាកាសធាតុ
      រដូវរងារ​នៅ​ដើម​ឆ្នាំ២០១៤ បាន​អូស​បន្លាយ​ពេល​យូរ​ជាង​ឆ្នាំ២០១៣ ដែល​ធ្វើ​ឱ្យ​តម្រូវ​ការ​ប្រើប្រាស់​ទឹក​របស់​អតិថិជន​ប្រភេទ​ជីវភាព​ក្នុង​ត្រីមាសទី១ ឆ្នាំ២០១៤ មាន​ការ​ថយ​ចុះ​ជាង​ត្រីមាស​ទី១ ឆ្នាំ២០១៣ ។
    • កត្តា​ស្ថានភាព​នយោបាយ
      សភាពការណ៍​បន្ទាប់​ពី​ការបោះឆ្នោត​បង្ក​ឱ្យ​មាន​បាតុកម្ម ជា​ពិសេស​នៅ​តំបន់​ចោមចៅ ដែល​បណ្តាល​ឱ្យ​រោងចក្រ​កាត់ដេរ និង​ការ​ប្រកប​របរ​អាជីវកម្ម​មួយ​ចំនួន​នៅ​ជុំ​វិញ​តំបន់​នោះ​ត្រូវ​បាន​ផ្អាក​ដំណើរការ និង​អូស​បន្លាយ​ពេល​យូរ ។ សភាពការណ៍​នេះ​បាន​ធ្វើ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ទឹក ​នៅ​តំបន់​ចោមចៅ​ក្នុង​ត្រីមាសទី១ ឆ្នាំ២០១៤ មាន​ការ​ថយចុះ​ជាង​ត្រីមាសទី១ ឆ្នាំ២០១៣ ។
  2. ការ​ថយចុះ​ចំណូល​ពី​សេវា​សាង​សង់
    ចំណូល​ពី​សេ​វា​សាង​សង់​ថយ​ចុះ​ដោយ​សារ រ.ទ.ស.ភ. បាន​អនុវត្ត​បញ្ចប់​គម្រោង "ផ្លាស់​ប្តូរ និង​ពង្រីក​ប្រព័ន្ធ​ចែកចាយ​ទឹក​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់" នៅ​ក្នុង​ឆ្នាំ២០១៣ ។
  3. ការ​កើន​ចំណាយ​រំលស់​ទ្រព្យសកម្ម​រូបី និង​អរូបី
    កើន​ឡើង​ជា​ចម្បង​លើ​ការ​រំលស់​រោងចក្រ​និរោធន៍ (ជំហាន១) និង​ថាមពល​អគ្គីសនី​ដើរ​ដោយ​ព្រះអាទិត្យ ។
  4. ការ​ខាត​លើ​អត្រា​ប្តូរ​ប្រាក់
    ខាត​ជា​ចម្បង​លើ​ការប្តូរ​រូបិយប័ណ្ណ​នៃ​ប្រាក់​កម្ចី​ពី ​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ។

សូម​អាន​របាយការណ៍​ប្រចាំ​ត្រីមាសទី១ ឆ្នាំ២០១៤ ទាំង​ស្រុង ដោយ​ទាញយក​ឯកសារ​ពី​ទីនេះ ៖ ឯកសារ ទី១ | ឯកសារ ទី២


« ក្រុមហ៊ុន​ចុះ​បញ្ជី​លក់​មូលបត្រ
ផែនទីទំព័រ    ព័ត៌មានតាមអ៊ីម៉ែល    កំណត់ចំណាំផ្នែកច្បាប់    ព័ត៌មានលើហ្វេសប៊ុក
ចំនួនអ្នកកំពុងទស្សនា : ៩    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨១៨    ចំនួនអ្នកទស្សនាពីម្សិល : ១.១៩០